កណ្តាល៖ ដោយអនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានដឹកនាំកម្លាំងចុះរុះរើរោងនិងបង្គោលអនាធិបតេយ្យនៅភូមិក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្នុងប្រតិបត្តិការរុះរើនេះ ក៏បានចូលរួមពីលោក នៃ ចារី អភិបាលរងខេត្តកណ្តាល, លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង និង មន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
យោងតាមសេចក្ដីជូនដំណឹង ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកណ្ដាល ក្នុងការចុះរុះរើ រោងចាំដី និង ដកបង្គោលចាំដីរបស់ក្រុមមនុស្សមួយក្រុម ដែលបានចូលរំលោភកាន់កាប់ដី ដោយអនាធិបតេយ្យ ក្នុងលិខិត ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ របស់ទីស្ដីការគណៈរដ្ឋមន្រ្ដី ស្ថិតនៅភូមិសាស្រ្ដស្រុកកៀនស្វាយ ខេត្តកណ្ដាល។
យោងតាមរបាយការណ៍របស់អាជ្ញាធរបានឲ្យដឹងថានៅចំណុចភូមិក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ មានដូចជា ៖ រោងចាំដីធំ ចំនួន១១រោង , រោងបហា(តូច) ចំនួន១៥រោង , ដំណាំចេក ស្វាយ ចំនួនប្រមាណ២៥០ដើម , ដំឡូងឈើចំនួនប្រមាណ១០០គុម្ព , អណ្ដូងស្នប់១អណ្ដូង , អំពូលសូឡាចំនួន១៣ដើម , របងឈើប្រមាណ១០០ម៉ែត្រ ។
បង្គោលព្រំប្រមាណជា១២០០បង្គោល ពេលចុះដល់ទីតាំងបានឃើញ ថា ក្រុមប្រជាជនប្រមាណ៦០នាក់ ហើយក៏បាននាំគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួន បន្ទាប់ពីគណៈកម្មការធ្វើការណែនាំ។ ការចុះអនុវត្តសេចក្តីជូនដំណឹងនេះ ពុំមានការតវ៉ាអ្វីគួរឲ្យកត់សម្គាល់នោះទេ ដោយក្រុមការងារបានរុះរើរោងលើដីដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់រួចរាល់ ចំនួន២១ម្ចាស់កម្មសិទ្ធិ ហើយបានឲ្យម្ចាស់ដី ដែលបានចូលរួមទាំង២១នាក់ ត្រូវការពារថែរក្សាគ្រប់គ្រងដីរបស់ខ្លួន ចាប់ពីពេលនេះទៅ៕