នៅរសៀលថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២១ នេះសាលាសង្កាត់ ស្ទឹងមានជ័យ បានបង្ហាញសកម្មភាពឡានពេទ្យប្រចាំមន្ទីរសុខាភិបាលរាជធានីភ្នំពេញបាននិងកំពុងចុះចតមុខ គេហដ្ឋានរបស់លោកមេភូមិទ្រា ២ ស្ថិតក្នុងភូមិទ្រា ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញដើម្បីទទួល សមាជិកគ្រួសាររួមទាំងលោកមេភូមិសរុបចំនួន១១នាក់ដើម្បីទៅទទួលការព្យាបាលក្រោយរកឃើញវិជ្ជមានកូវីដ-១៩ ។
ក្រោយពីឡានពេទ្យមកដល់សមាជិកគ្រួសាររបស់លោកមេភូមិម្នាក់ៗ មានទាំងមនុស្សចាស់និងកុមារបាននាំគ្នារួសរាន់រៀបចំយួរអីវ៉ាន់ជាច្រើនរួមមានសម្លៀកបំពាក់និងឧបករណ៍ប្រើប្រាស់មួយចំនួនដើម្បីយកទៅប្រើប្រាស់កំឡុងពេលសម្រាកព្យាបាលជំងឺកូវីដ-១៩នៅមណ្ឌលព្យាបាលដែលបានរៀបចំឡើងដោយក្រុមគ្រូពេទ្យនិងអាជ្ញាធរពាក់ព័ន្ធ ។ តាមរយៈទិដ្ឋភាពដ៏ស្រណោះមួយនេះបានធ្វើឱ្យអ្នកនៅតំបន់នោះផ្ទាល់ក៏ដូចជាមហាជនបាននាំគ្នាសម្ដែងនូវក្ដីអាណិតអាសូរនិងបន់ស្រន់ឱ្យក្រុមគ្រួសារនិងលោកមេភូមិផ្ទាល់ឆាប់ជាសះស្បើយត្រឡប់មកភូមិដ្ឋានវិញបម្រើការងារជូនប្រជាពលរដ្ឋនៅភូមិទ្រា២ជាថ្មីម្ដងទៀត ៕