តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «សូមអបអរសាទរ ចំពោះបងប្រុសឈ្មោះ ណុប មាន អាយុ៧០ឆ្នាំ ជាកសិកររស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលទទួលបាននូវការ ចាក់វ៉ាក់សាំងទី៥លាន នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ។ លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកថវិកាចំនួន ១០លានរៀល ព្រមទាំងសម្ភារៈផ្សេងទៀត ដែលជាជំនួយឧបត្ថម្ភទៅប្រគល់ជូនដោយផ្ទាល់»។ សម្ដេចតេជោ ក៏បានអរគុណរួមជាតិដែលបានចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩ តាមរយៈការទទួលយកការចាក់វ៉ាក់សាំង ដើម្បីការពារខ្លួន និងក្រុមគ្រួសារ។ សម្ដេចតេជោ ក៏បានកោតសរសើរក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចាក់វ៉ាក់សាំងជូនប្រជាជន ដែលមកដល់ពេលនេះយើងចាក់ បាន៥០ភាគរយ នៃចំនួនប្រជាជនដែល នឹងត្រូវចាក់១០លាននាក់៕