ខេត្តព្រះសីហនុ : នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ មនុស្ស១២នាក់ត្រូវបានឃាត់ខ្លួន នៅក្នុងហាងកាហ្វេយីហោ «ស្តេចតោ» ស្ថិតនៅចំណុចក្បែរសាលាឆទាន ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ព្រោះមិនចូលរួម អនុវត្តតាមបទបញ្ជារបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រះសីហនុ ស្តីពីការហាមការជួបជុំគ្នាច្រើន។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កម្លាំងគណៈបញ្ជាការដឹកនាំ អនុវត្តន៍ច្បាប់ខេត្តព្រះសីហនុ បានបង្ក្រាប ហាងកាហ្វេមួយកន្លែងក្នុងក្រុងព្រះសីហនុ ឃាត់ខ្លួនមនុស្ស១២នាក់ ដែលមានការជួបជុំគ្នាច្រើនហូបកាហ្វេ ពុំស្តាប់តាមការណែនាំរបស់ក្រុមការងារ ផ្ទុយនឹងបំរាមរបស់រដ្ឋបាលខេត្ត ។
មុននឹងឈានដល់ការបង្ក្រាបនេះសមត្ថកិច្ចបានចុះធ្វើការអប់រំចំនួន ២លើករួចមកហើយ ប៉ុន្តែហាងកាហ្វេនេះមិនស្តាប់តាមការណែនាំ ទើបក្រុមការងារចុះទៅឃាត់ ក្នុងនោះរួមមានម្ចាស់ហាងកាហ្វេចំនួនមួយនាក់ និងភ្ញៀវចំនួន ១១នាក់ ។
សរុប ១២នាក់នាំយកមកទីបញ្ជាការស្រាល ដោះស្រាយបន្តតាមគោលការណ៍ដែលរដ្ឋបាលខេត្តកំណត់ ៕