លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តស្វាយរៀង បាននាំយកអំណោយ និងស្បៀង ជូនក្រុមគ្រូពេទ្យជួរមុខនៃខេត្តស្វាយរៀង ចំនួន ៦២នាក់ ដែលមានវិជ្ជមានកូវី១៩ នាព្រឹកថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នៅសាលាខេត្តស្វាយរៀង ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានថ្លែងកោតសសើរ នូវកិច្ចខិតខំប្រឹងប្រែងនិងការលះបង់របស់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដោយបានបំពេញការងារយ៉ាងសស្រាក់សស្រាំក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយពុំខ្លាចនឿយហត់ ។
លោកជំទាវក៏បានផ្តាំផ្ញើរឲ្យមន្ត្រីសុខាភិបាលទាំងអស់ត្រូវបង្កើននូវការយក ចិត្តទុក្ខដាក់បន្ថែមទៀតលើសុវត្ថិភាព និងការការពារខ្លួនឲ្យមានប្រសិទ្ធិភាពខ្ពស់ ក្នុងអំឡុងពេលព្យបាលអ្នកជំងឺ ។ លោកជំទាវក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័សេនា ទៀ បាញ់ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែល ដែលបានជួយព្យាបាលថែទាំង និង ក៏ដូចជាការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសនិយាយជារួម និងនិយាយដោយឡែក នៃខេត្តស្វាយរៀង ។
អំណោយដែលផ្តល់ជូនគ្រូពេទ្យក្នុងម្នាក់ៗទទួលបាន ៖ ថវិកា ១លានរៀល មី ១កេស ទឹកដោះគោឆៅ ១ឡូ ស្ករស ១គីឡូក្រាម ទឹកសុទ្ធ ១កេស ទឹកសម្លាប់មេរោគ ៥លីត្រ សាប៊ូ ៥ដុំ ។
នៅក្នុងថ្ងៃដដែលនោះផងដែរ លោកជំទាវក៏បានបន្តនាំយកស្បៀង និងថវិកាជូនប្រជាពលរដ្ឋ ៧គ្រួសារ ដែលកំពុងចត្តាឡីស័កនៅផ្ទះ ដោយក្នុង ១គ្រួសារទទួលបាន ៖ ថវិកា ១២ម៉ឺនរៀល អង្ករ ២០គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ម៉ាស់ ២ប្រអប់ ទឹកដោះគោ ៣កំប៉ុង សាប៊ូ ៤ដុំ និង នំ ១យួរ ៕