ភ្នំពេញ : លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសចូលរួមចំណែកជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយទិញផ្លែមៀន (តាង៉ែន) ពីប្រជាកសិករចំនួន៣០តោន ដើម្បីចូលរួមដោះស្រាយ ជូនប្រជាកសិករដែលកំពុងជួបបញ្ហាទីផ្សារ ។
ក្នុងនោះនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងខេមរភូមិន្ទ និងជានាយករងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន បានចាត់ចែងក្រុមការងារដើម្បីរៀបចំដឹកផ្លែមៀន (តាង៉ែន) ជូនទៅសាលារាជធានីភ្នំពេញ។
សូមរំលឹកថា ៖សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀន និងតាង៉ែន របស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហា ក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវី១៩។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ផ្លែមៀនដែលសម្តេចប្រមូលទិញ ពីកសិករដាំដុះនៅតាមខេត្តជាប់ព្រំដែនថៃ នឹងយកទៅចែកជូនកងទ័ព អាវុធហត្ថ នគរបាល គ្រូពេទ្យ អ្នកជំងឺ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ៕