កណ្តាល ៖ ក្រោមការដឹកនាំបញ្ជា របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល កម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលតាខ្មៅ ស្រាវជ្រាវ និងបង្ក្រាប ឃាត់ខ្លួនបុគ្គល ដែលតែងតែជួបជុំគ្នា លេងអុកជាប្រចាំ មួយករណី ឃាត់ខ្លួនជនសង្ស័យ ៦ នាក់។
-ករណីមិនគោរពវិធានការរដ្ឋបាលនេះបាន កើតឡើងនៅវេលាម៉ោងជាង៣រសៀល ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅចំណុចតូបលក់កាហ្វេ ក្នុងភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យ ចំនួន ៦ នាក់ រួមមានៈ ១. ឈ្មោះ លឹម ធី ភេទស្រី អាយុ៤១ឆ្នាំ មុខរបរលក់ដូរ (ម្ចាស់តូប) , ២.ឈ្មោះ បេង សុជាតិ អាយុ៤៧ឆ្នាំ មុខរបរ កម្មករ , ៣.ឈ្មោះ ជាង ចំរើន អាយុ៥៣ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ,៤.ឈ្មោះ យក់ ហ៊ន អាយុ៦៣ឆ្នាំ មុខរបរ នៅផ្ទះ ,៥.ឈ្មោះ អ៊ុ ពៅ អាយុ៤៨ឆ្នាំ មុខរបរ កម្មករ និង៦.ឈ្មោះ កាំង ឃាង អាយុ៤៨ឆ្នាំ មុខរបរ លក់ដូរ ។ បុរសទាំង៥នាក់នេះ ជាភ្ញៀវរបស់ស្ត្រី ឈ្មោះ លឹម ធី ។
ដោយឡែក វត្ថុតាងចាប់យករួមមានៈ ក្តាអុក ចំនួន២ឈុត , ម៉ូតូហុងដា ឌ្រីម ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1AP-4063 , ម៉ូតូហុងដា វ៉េវ ពណ៌ខ្មៅ ស្លាកលេខ កណ្តាល 1S-5703 , ម៉ូតូហុងដា វ៉េវ ពណ៌ខ្មៅ ស្លាកលេខ ភ្នំេពេញ 1CN-2830 , ម៉ូតូ SUZUKI SMASH V ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1DE-6643 ។
ក្រោយការបង្ក្រាបនេះ អ្នកដែលក្រូវឃាត់ខ្លួន ចំនួន៦នាក់ និងវត្ថុតាងត្រូវបានបញ្ជូន ទៅស្នងការដ្ឋាន នគរបាលខេត្តកណ្តាល ដើម្បីចាត់ការ តាមនីតិវិធី៕