ភ្នំពេញ: ២នាក់ពូនិងក្មួយត្រូវបានគេប្រទះឃើញដេកស្លា ប់នៅក្នុងបន្ទប់ ព្រោះខ្វះខ្យល់អុកស៊ីសែនចេញចូល ទើបបណ្ដាលឲ្យថប់ដង្ហើមស្លា ប់ទាំង២នាក់ដែលកំពុងតែលង់លក់មិនដឹងខ្លួន បង្កមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។
ហេតុការណ៍ដ៍រន្ធត់ចិត្តនេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង១៥នាទីព្រឹក ថ្ងៃទី១៨ ខែសីហា ២០២១នេះ នៅត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកតាគង់០១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។សពជនរងគ្រោះដែលត្រូវជាពូនោះមាន ឈ្មោះ ង៉ែត ឧត្តម ភេទប្រុស អាយុ៣២ ឆ្នាំមុខរបរធ្វើជាមេជាងជួសជុលរថយន្ត មានស្រុកកំណើតរស់នៅ ខេត្តបាត់ដំបង ចំណែកជនរងគ្រោះដែលត្រូវជាក្មួយមាន ឈ្មោះ នួន ង៉ែត អាយុ ១៦ឆ្នាំ មុខរបរធ្វើជាជាងជួសជុលរថយន្តដូចគ្នា ស្នាក់នៅជាមួយនិងឪពុកមា ក្នុងភូមិកើតហេតុខាងលើ ។ បើតាមសាក្សីបានដឹងឲ្យថា : ម្ចាស់ផ្ទះដែលជាជនរងគ្រោះរូបនេះ ត្រូវបានខាងអគ្គីសនីផ្តាច់ចរន្តភ្លើងមិនឲ្យប្រើប្រាស់បន្តទៅទៀតនោះ ដោយសារតែមិនព្រមបង់ថ្លៃសេវាឲ្យទៅខាងអគ្គិសនី។បន្ទាប់មកសាក្សីខាងលើបានបន្តប្រាប់ឲ្យដឹងទៀតថា ដោយសារតែប្រពន្ធ ង៉ែត ឧត្តម គាត់មានរវល់នៅឯមន្ទីរពេទ្យមើលថែកូនតូចដែលកំពុងមានជំងឺ ស្រាប់តែមកដល់ល្ងាចថ្ងៃទី ១៧ ខែឆ្នាំដដែលនេះ ជនរងគ្រោះទាំង២នាក់ឪពុកមានិងក្មួយក៍បានបញ្ឆេះម៉ាស៊ីនភ្លើងរបស់ខ្លួនដើម្បីបំភ្លើងនឹងបើកម៉ាស៊ីនត្រជាក់ អង្គុយហូបបាយរួចក៏នាំគ្នាដេកលង់លក់ទៅ ទើបបណ្ដាលឲ្យម៉ាស៊ីនអស់ប្រេងក៍រលត់ ដោយមិនបានដឹងខ្លួន គួបផ្សំនិងផ្ទះខ្វះអុកស៊ីសែន ក៏បណ្ដាលឲ្យថប់ដង្ហើមដាច់ខ្យល់ស្លា ប់ទាំង២នាក់តែម្តង ។
បើតាមប្រភពផ្សេងមួយទៀតបានឲ្យដឹងថានៅវេលាព្រឹកម៉ោងកើតហេតុខាងលើមានភ្ញៀវបានយករថយន្តមកឲ្យជនរងគ្រោះដើម្បីធ្វើការជួសជុលប៉ុន្តែពេលខលទូរសព្ទទៅជនរងគ្រោះមិនឃើញលើកសោះ ទើបកូនជាងនៅឯការ៉ាស់ជិះម៉ូតូមកតាមរកនៅឯផ្ទះ ហើយគោះទ្វារមិនឮសូរឆ្លើយ ទើបគាស់ទ្វារបង្ហើបរួចអើតមើលទៅខាងក្នុងស្រាប់តែឃើញជនរងគ្រោះទាំងពីរនាក់ដេកស្លា ប់បាត់ទៅហើយ ។ ក្រោយពីបានឃើញហេតុការណ៍នេះភ្លាមក៏បាននាំគ្នារាយការណ៍ជូនទៅដល់សមត្ថកិច្ចមូលដ្ឋានឱ្យចុះមកត្រួតពិនិត្យមើលរួចរាល់ក៏បានចងខ្សែហុំព័ទ្ធហើយទាក់ទងទៅលោកគ្រូពេទ្យចុះមកយកសំណាកធ្វើតេស្តរកមេរោគកូវីដ ១៩ ជាមុនសិន ក្រោយមកលោកគ្រូពេទ្យបានបញ្ជាក់ថាជនរងគ្រោះទាំង២នាក់គឺអវិជ្ជមាន រួចក៏បានប្រគល់សពទៅឲ្យសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុនិងកោសល្យវិច្ច័យបានបញ្ជាក់បន្ថែមទៀតថា : ជនរងគ្រោះគឺពិតជាស្លាប់ដោយសារ ខ្វះអ៊ុកស៊ីសែនពិតប្រាកដមែន ហើយក៍បានប្រគល់សពឲ្យទៅសាច់ញាត្តិនឹងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃ។