កំពង់ចាម: នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ អមដំណើរដោយ ថ្នាក់ដឹកនាំ ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភីរុណ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម និង លោក ចាន់ ផល្លី អភិបាល ក្រុងកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយលើកទឹកចិត្ត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនដល់លោកយាយ អាយុ ១០០ឆ្នាំ ម្នាក់ នៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម បន្ទាប់ពីលោកយាយបានស្ម័គ្រចិត្តអញ្ជើញទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី ១ ។
លោក ចាន់ ផល្លី អភិបាលក្រុងកំពង់ចាម ឲ្យដឹងថា លោកយាយខាងលើ មានឈ្មោះ គីម សុកុន អាយុ ១០០ឆ្នាំ រស់នៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ លោកអភិបាលក្រុង បញ្ជាក់ដែរថា អំណោយលើកទឹកចិត្ត របស់សម្តេចតេជោ តាមរយៈ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលបានផ្ដល់ជូនលោកយាយ គីម សុកុន នាពេលនោះ រួមមាន ៖ មី ១០កេស ត្រីខ ០១កេសធំ ទឹកសុទ្ធ ០២កេស អង្ករ ០៤បេ ទឹកត្រី ០២យួរ និងប្រេងឆា ០២ដប និងថវិកាចំនួន ៣លានរៀល ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម