កំពត ៖ បើតាមប្រភពពីប្រជាពលរដ្ឋជាច្រើនបានរាយការណ៍មកថា : មាត់ព្រែកកំពត ប្រវែងប្រមាណ ១០០០ម៉ែត្រ នៅចំណុចភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូដែលនៅជាប់នឹងផ្លូវតភ្ជាប់ពីទីរួមខេត្តទៅកាន់តំបន់កំពង់ផែ ទេសចរណ៏ថ្មី ត្រូវបានគេឃុបឃិតគ្នាលួចដឹកអាចម៏ដីចាក់លប់ចូលជ្រៅទៅ ក្នុងផ្ទៃទឹកព្រែកជម្រៅពី៥០ទៅ១០០ម៉ែត្រ ដោយគេមិនឃើញមានមន្ត្រីអាជ្ញាធរ សមត្ថកិច្ចខេត្តចុះទៅហាមឃាត់ឡើយ។
បើតាមតាមអ្នកស្រុកដែលជិះកាត់ឃើញ ក៏ដូចប្រជាពលរដ្ឋដែលមានដីនៅតំបន់នោះបានអះអាងថា ដីមាត់ព្រែកកំពតនេះពីមុនមកមិនត្រូវបានអាជ្ញាធរអនុញាតឲ្យបុគ្គលណាម្នាក់ ចាក់ដីលប់រំលោភយក ឬទោះបីមានប្រជាពលរដ្ឋទៅតាំងទីលំនៅខ្លះៗក៏ដោយ ក៏អាជ្ញាធរមិនបានចេញកម្មសិទ្ធិ ឬផ្ដល់សិទ្ធិស្របច្បាប់ឲ្យនោះដែរ ព្រោះតាមគម្រោងផែនការខេត្ត ដីនៅជាប់មាត់ព្រែកកំពតនេះ គឺអាជ្ញាធរទុកបប្រុងសំរាប់ធ្វើសួនច្បារ ឬកន្លែងបំរើអោយសេវាកំសាន្តសាធារណៈតែប៉ុណ្ណោះ។
បងប្អូនប្រជាពលរដ្ឋបានប្រាប់បន្ថែមថា ប៉ុន្តែនៅពេលថ្មីៗនេះស្រាប់តែមានជនមិនស្គាល់មុខបានឃុបឃិតគ្នា ដឹកដីចាក់លប់ទាំងយប់ទាំងថ្ងៃ ទាំងតាមរថយន្តក៏ដូចតាមទូកផងដែរ ដើម្បីបង្កើតដីគោកលយចូលទៅក្នុងទឹកព្រែក ជំរៅពី៥០ម៉ែត្រទៅ ១០០ម៉ែត្រ ប្រយោជន៏វាស់ចែកគ្នា ឬក៏លក់ទៅឲ្យឈ្មួញនានាដែលគេអះអាងថា គេហ៊ានទិញក្រោមរូបភាពជួលរយៈពេល៣០ឆ្នាំពីខេត្ត ១ម៉ែត្រដីមានតម្លៃរាប់រយ-ពាន់ដុល្លារឯណោះ។
អ្នកស្រុកបានអះអាងថា ដីមាត់ព្រែកកំពតពីទីរួមខេត្ត ទៅកាន់តំបន់កំពង់ផែទេស
ចរណ៏ ដែលគេគ្រោងបង្កើតថ្មីកសាងដោយធនាគារអភិវឌ្ឍន៏អាស៉ី ភាគច្រើនត្រូវបានកាន់កាប់ដោយឯកជនស្ទើរតែអស់ទៅ ហើយ នៅសល់ចំណុចមួយចំនួនដែលនៅក្បែរៗផ្លូវប៉ុណ្ណោះ ដូចជាចំណុចខាងលើជាដើម។
ចំណុចដែលនៅសល់នេះ អ្នកស្រុកបានលើកឡើងថា អាជ្ញាធរខេត្តគួរតែរក្សាទុកធ្វើជាសួនច្បារសាធារណៈលើកស្ទួយសោភ័ណ្ឌភាពខេត្តទើបជាការល្អ មិនគួរបិទភ្នែកឲ្យឈ្មួញ និងមន្ត្រីឃុបឃិតគ្នាចាក់ដីលប់រួចហើយពុះឡូត៌លក់ឲ្យឈ្មួញកាន់កាប់ ឬយកទៅធ្វើ អាជីវកម្មជាភោជនីដ្ឋាន ផ្ទះសំណាក់ ឬសេវាកម្មផ្សេងៗដែលនាំអោយប៉ះពាល់ដល់បរិស្ថានទឹកព្រែកនោះទេ។
រហូតមកដល់នេះគេនៅមិនទាន់ដឹងថា ការឃុបឃិតគ្នាចាក់អាចម៍ដីចូលទឹកព្រែក ដើម្បីបង្កើតដីគោកយកទៅលក់ធ្វើអាជីវកម្មខាងលើនេះ តើមានច្បាប់ឬអត់នោះទេ តែគេថា បើមានច្បាប់ មិនមែនគេលបលួចចាក់អាចម៏ដីភាគច្រើនធ្វើនៅពេលយប់ ហើយធ្វើរបងបិទបាំងបែបនេះឡើយ។ ដូច្នេះអាជ្ញាធរខេត្តកំពត គួរតែមានវិធានការចុះត្រួតពិនិត្យ និងទប់ស្កាត់អោយមានប្រសិទ្ធភាពផង កុំឲ្យដូចពាក្យថាមន្ត្រីខេត្តម៉ាកំភ្លូសមើលមិនឃើញជនខិលខូចចាក់ដីរំលោភយកមាត់ព្រែកបែបនេះនោះទេ ៕