ស្ទឹងត្រែងៈ សកម្មភាពដឹកជញ្ជូនឈើប្រណីត តាមម៉ូតូ ពីស្រុកថាឡាបរិវ៉ាត់ មកស្តុកទុកនៅក្រុងស្ទឹងត្រែង កើតមានយ៉ាងអនាធិបតេយ្យ ទាំងយប់ទាំងថ្ងៃ ដោយមិនមានការបង្ក្រាបនោះឡើយ។
ក្រុមអ្នកដឹកឈើ បានប្រាប់ឲ្យដឹងថា ពួកគេបានប្រមូលទិញ ឈើប្រណីត បេង ធ្នង់ ពីប្រជាពលរដ្ឋ ដែលចូលទៅកាប់នៅព្រៃ យកមកស្តុក ទុកនៅតាមផ្ទះភូមិមន ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ដើម្បីដឹកលក់បន្ត នៅតាមផ្ទះជួល ក្នុងក្រុងស្ទឹងត្រែង។ ចំណែកថៅកែឈើ គឺជាអ្នកដើរប្រមូលទិញ ដឹកតាមរថយន្តសាំយ៉ុង ចេញពីក្រុងស្ទឹងត្រែង ឆ្ពោះទៅកាន់ទីផ្សារគោលដៅ។ មួយចំនួនទៀត ត្រូវបានគេយកទៅដាក់ នៅតាមរោងសិប្បកម្ម ជាច្រើនកន្លែង ក្នុងក្រុងស្ទឹងត្រែង ដើម្បីច្នៃធ្វើជា គ្រឿងសង្ហារឹម ពាក់កណ្ដាលសម្រេច រួចដឹកចេញទៅក្រៅខេត្តតែម្តង។
ប្រភពពីអ្នកដឹកឈើ បានប្រាប់ឲ្យដឹងទៀតថា នៅពេលដែលពួកគេ ដឹកតាមផ្លូវ បានបង់ឲ្យសមត្ថកិច្ច អស់ជាច្រើនកន្លែងផងដែរ បើពុំនោះទេ ក៏មិនអាចដឹកជញ្ជូនឈើ ពីភូមិមន ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ឆ្លងស្ពានមេគង្គ ទៅដាក់នៅក្នុងក្រុងស្ទឹងត្រែង បានឡើយ។ នេះជាទម្លាប់រួចទៅហើយ៕