( ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទាត់ចោលសំណើរបស់ក្រុមហ៊ុនសំណង់ «ឈ្នះ ឈ្នះ» តាមរយៈក្រសួងកសិកម្ម និងរដ្ឋបាលខេត្តកណ្តាល ដែលចង់ទិញដីបឹងជាង ១ពាន់ហិកតា នៅក្នុងឃុំបារុង ស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីអភិវឌ្ឍជាទីក្រុងរណបបែបទំនើប និងហេដ្ឋរចនាសម្ព័ន្ធសំខាន់ៗ។
ការសម្រេចនេះត្រូវបានបញ្ជាក់តាមរយៈលិខិតមួយរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលធ្វើឡើងកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ផ្ញើជូនទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអភិបាលខេត្តកណ្តាល។
បើតាមលិខិតនេះ បានបញ្ជាក់ថា ការសម្រេចនេះដោយយោងតាមលិខិតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលិខិតរបស់ខុទ្ទការល័យរបស់សម្តេចតេជោ ហ៊ុន សែន។ ជាពិសេសចំណាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។
ក្នុងលិខិតដដែលបានបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចទីតាំងដីនេះ ជាផ្ទៃបឹងធម្មជាតិសម្រាប់បម្រើប្រយោជន៍សាធារណៈ ហើយត្រូវរកវិធីជីកផ្ទៃបឹងនេះឱ្យបានជ្រៅដើម្បីរក្សាទឹក។
បើតាមលិខិតដដែលនេះ រាជរដ្ឋាភិបាល បានណែនាំទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកណ្តាល ត្រូវបញ្ឈប់ការទទួល និងលើកសំណើដីតំបន់នេះបន្តទៀត៕