គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

សម្ដេចតេជោ ហ៊ុន សែន ប្រកាសបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ១៩ តាមគន្លងថ្មី ចាប់ពីថ្ងៃទី១ ខែវិច្ឆិកានេះតទៅ...


ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបើកដំណើរការប្រទេសពេញលេញឡើងវិញ លើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ១៩ តាមបែបគន្លងថ្មី ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នាវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ចាប់ពីពេលនេះ ការបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ១៩ តាមគន្លងថ្មី គឺចាប់ពីថ្ងៃនេះតែម្តង។ អីចឹងយើងនឹងសាកល្បងមើល ប៉ុន្តែការសាកល្បងយើងបានសាកល្បងហើយ បើមនុស្សចូលហាងពេញអស់ហើយ ស្ទះផ្លូវឡើងវិញអស់ហើយ»។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងនូវការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ១៩ ដែលរហូតមកដល់ពេលនេះមាន ចំនួន៤ដំណាក់កាលរួមមាន៖ ដោយដំណាក់កាលទី១ គឺដំណាក់កាលប្រយុទ្ធនឹងទប់ស្កាត់ការឆ្លងជំងឺចូលក្នុងសហគមន៍ ចាប់ពីខែមីនា ឆ្នាំ២០២០ រហូតដល់ខែតុលា ឆ្នាំ២០២០, ដំណាក់កាលទី២ ការគ្រប់គ្រងការឆ្លងរាលដាលការឆ្លងកូវីដ១៩ ចូលសហគមន៍ គឺចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២១, ដំណាក់កាលទី៣ ការបង្កើតភាពសុំាក្នុងសហគមន៍ប្រឆាំងកូវីដ១៩ តាមរយៈការអនុវត្តន៍យុទ្ធនាការជាតិចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ គួបផ្សំជាមួយការបន្តគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលសហគមន៍ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១រហូតមកដល់បច្ចុប្បន្ននេះ និងដំណាក់កាលទី៤ ចាប់ពីពេលនេះ គឺការបើកដំណើរការពេញលេញឡើងវិញលើគ្រប់វិស័យ។

ជាមួយគ្នានេះ សម្តេចតេជោក៏បានលើកឡើងពីការពិចារណា ក្នុងការបើកអាជីវកម្មដែលមានហានិភ័យខ្ពស់ ដូចជាខារ៉ាអូខេឡើងវិញផងដែរ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៨,៥២២នាក់, អ្នកជាសះស្បើយសរុបចំនួន១១៤,៧២៧នាក់, ស្លាប់សរុបចំនួន២,៧៨៨នាក់។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថា ភាគរយនៃការឆ្លងកូវីដ១៩ មិនមែនជាការគួរឲ្យបារម្ភពេកទេ តែអ្វីដែលគួរឲ្យបារម្ភនោះ គឺភាគរយនៃការស្លាប់ ខណៈអត្រាស្លាប់របស់កម្ពុជាមានខ្ពស់ជាប្រទេសមួយចំនួន ដែលត្រូវពង្រឹងសមត្ថកិច្ចក្នុងការព្យាបាល៕

Previous Post Next Post