ស្វាយរៀង ៖ កម្លាំងនគរបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជូនឧក្រិដ្ឋជនគ្រឿងញៀនចំនួន២នាក់ ព្រមទាំងថ្នាំញៀនជិត២០គីឡូក្រាម ដែលបម្រុងលួចដឹកជញ្ជូនទៅប្រទេសវៀតណាម ទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ក្រោយបង្ក្រាបបានកាលពីពេលថ្មីៗនេះ។
បើតាមសមត្ថកិច្ចខេត្តស្វាយរៀង បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៩៖៣០នាទី នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនមួយករណី ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមមាន៖
*ទី១៖ ឈ្មោះ ឡេ វ៉ាន់ថ អាយុ១៨ឆ្នាំ ភេទប្រុស ជនជាតិវៀតណាម មុខរបរជាងឈើ រស់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ជាអ្នកដឹកជញ្ជូនគ្រឿងញៀនពីរាជធានីភ្នំពេញ ឆ្លងដែនទៅកាន់ប្រទេសវៀតណាម)។
*និងទី២៖ ឈ្មោះ វ៉ាន់ សុផា អាយុ ២០ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរជាងឈើ រស់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ជាអ្នកដឹកជញ្ជូនគ្រឿងញៀនពីរាជធានីភ្នំពេញ ឆ្លងដែនទៅកាន់ប្រទេសវៀតណាម)។
សមត្ថកិច្ចបានបន្តថា ក្នុងប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀននេះ កម្លាំងជំនាញបានចាប់យកវត្ថុតាងរួមមាន៖ ថ្នាំញៀន ប្រភេទហេរ៉ូអុីន ទម្ងន់ ៣,៥០២ក្រាម និងថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ២,៩៨៦ក្រាម។ ថ្នាំញៀនប្រភេទកេតាមីន ទម្ងន់ ១៣,០០០ក្រាម(សរុបទម្ងន់ ១៩.៤៨៨គីឡូក្រាម) អាវុធខ្លីធុន K54 ចំនួន ០១ដើម បង់០១, គ្រាប់ចំនួន ០៨គ្រាប់ ម៉ូតូ០១គ្រឿង និងកាបូបធំ សម្រាប់ដាក់គ្រឿងញៀនចំនួន០១៕