ភ្នំពេញ ៖ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានបង្ហាញនូវការសាទរជាខ្លាំងជាមួយកម្ពុជា ចំពោះការទទួលបានជោគជ័យលើការគ្រប់គ្រងជំងឺកូវីដ១៩ និងសន្យាជួយដល់សេដ្ឋកិច្ចកម្ពុជាកំលុងរងវិបត្តិជំងឺកូវីដ១៩។ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ក៏បានបង្ហាញបំណងវិនិយោគលើវិស័យមួយចំនួននៅក្នុងប្រទេសកម្ពុជា។
ការសាទរ និងបំណងវិនិយោគនេះ ត្រូវបានស្តែងឡើងក្នុងពេលដែលក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនតាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១។ ក្នុងជំនួបនេះ ភាគីក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយ លោក Ted Osius ជាប្រធាន និងនាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន។
លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងឱ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនេះ លោក Ted Osius ក្រៅតែពីសម្តែងការអបអរសាទរជាមួយកម្ពុជាចំពោះជោគជ័យលើការគ្រប់គ្រងជំងឺកូវីដ១៩ហើយនោះ លោក ក៏បានបង្ហាញបំណងរបស់ក្រុមហ៊ុនអាមេរិកក្នុងការវិនិយោគលើថាមពល ឧស្សាហកម្ម សុខាភិបាល ហិរញ្ញវត្ថុ និងការនាំចេញនាំចូល។
ក្នុងជំនួបនេះក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានបង្ហាញការគាំទ្រកម្ពុជា ធ្វើប្រធានអាស៊ាននៅឆ្នាំក្រោយ ហើយបានសន្យាជួយលើវិស័យសេដ្ឋកិច្ចកម្ពុជាកំលុងពេលរាតត្បាតកូវីដ១៩ និងជួយកសាងសមត្ថភាព និងសន្តិសុខថាមពលផងដែរ។
ជាកិច្ចឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណអាមេរិក ដែលបានផ្តល់វ៉ាក់សាំង និងសម្តែងនូវក្តីរីករាយ ដែលក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ទទួលស្គាល់នូវល្បឿននៃការចាក់វ៉ាក់សាំង និងផ្លែផ្កាជាវិជ្ជមានកើតចេញពីការចាក់វ៉ាក់សាំងនៅកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជម្រាបនូវផែនការរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនៅកម្ពុជា និងវិធានការគ្រប់គ្រងកូវីដ១៩ផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីកិច្ចខិតខំរបស់កម្ពុជាក្នុងការកែទម្រង់ផ្នែកធុរកិច្ចឱ្យកាន់តែប្រសើរ ដើម្បីទាក់ទាញអ្នកវិនិយោគ និងការបង្កើនសកម្មភាពធុរកិច្ច ក៏ដូចជាលើកទឹកចិត្តវិស័យឯកជនជាដើម។
សម្ដេចតេជោ ក៏បានលើកបង្ហាញនូវសក្តានុពលមួយចំនួនសម្រាប់ការវិនិយោគនៅកម្ពុជា ជូនក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងបានអំពាវនាវឲ្យវិនិយោគិនសហរដ្ឋអាមេរិកពិចារណារមកវិនិយោគនៅកម្ពុជាផងដែរ៕