ភ្នំពេញ៖ ថ្លែងនៅក្នុងកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលប្តេជ្ញាបញ្ចប់បញ្ហារថយន្តមិនបង់ពន្ធនិងអាករនាំចូល និងរថយន្តចង្កូតស្តាំខុសច្បាប់ ដែលជាបញ្ហាច្រំដែលចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ តទៅដោយបានដាក់ចេញវិធានការចំនួន៥ចំនុចសំខាន់ដូចខាងក្រោម៖
ទី១-អនុវត្តឱ្យបានម៉ឺងម៉ាត់តាមសេចក្ដីជូនដំណឹងលេខ៤៤២ សជណ.ហធ របស់ ទី ស្ដីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ស្ដីពីការអនុវត្ត វិធានការលើការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិង យានជំនិះគ្រប់ប្រភេទប្រចាំ ឆ្នាំ២០២១ ជាលើកចុងក្រោយ ចំពោះយានយន្តឯកជនដែលជ្រោក ក្រោម ផ្លាកលេខ ក្រសួងស្ថាប័នរដ្ឋ ជាពិសេសផ្លាក លេខ ខ.ម និង ន.ប ដើម្បីឱ្យម្ចាស់ចូលខ្លួនមក បំពេញកាតព្វកិច្ចពន្ធនិងអាករនាំចូលស្របតាមច្បាប់និងបទប្បញ្ញត្តិស្ដីពីគយ។
ទី២-ចំពោះម្ចាស់រថយន្តឯកជនជ្រកក្រោមផ្លាកលេខរដ្ឋ ផ្លាកលេខ ខ.ម និង ន.ប ដែលមានចង្កូតឆ្វេង និងពុំមានក្នុងបញ្ជីទ្រព្យរដ្ឋរបស់អ គ្គនាយកដ្ឋាន ទ្រព្យុ សម្បត្តិរដ្ឋ និង ចំណូល មិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវរួសរាន់ចូលមកបង់ពន្ធ និងអាករ ឱ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធនៃប្រាក់ពន្ធ អាករសរុបពី១០០%មកត្រឹមតែ៩០%។ ប៉ុន្តែចំពោះរថយន្ត ទំនើបដែលទើបនាំចូលក្នុងឆ្នាំ ២០២១ត្រូវបង់ពន្ធនិងអាករ ១០០% ដដែល។ ប្រសិនជាម្ចាស់ យានយន្តមិនបានបំពេញកាតព្វកិច្ច បង់ពន្ធនិងអាករនោះទេគឺក្រោយ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នឹងត្រូវ យកពន្ធនិងអាករពេញ១០០% ព្រមទាំងត្រូវទទួលរងការផាក ពិន័យទៀត។
ទី៣- ចំពោះម្ចាស់រថយន្តចង្កូតស្តាំ ទាំងអស់ត្រូវរួសរាន់មកបង់ប្រាក់ពន្ធអាករហើយទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធចំនួន១០%ដែរនិងត្រូវយករថយន្តទៅកែចង្កូតឱ្យបានរួចរាល់មុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២តទៅ មិន អនុញ្ញាតឱ្យរថយន្តឯកជនដែលមានចង្កូតស្ដាំ ធ្វើដំណើរលើផ្លូវសាធារណៈទៀត នោះឡើយលើកលែងតែរថយន្តចង្កូតស្ដាំមួយចំនួនដែលមានការអនុញ្ញាតពីរាជរដ្ឋាភិបាលជាលក្ខណៈពិសេសដូចជារថយន្តសង្គ្រោះបន្ទាន់រថយន្តពន្លត់អគ្គីភ័យរថយន្តដឹកសំរាម ជាដើម។
ទី៤-ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ តទៅអាជ្ញាធរដែនដីនិង កងកម្លាំងប្រដាប់អាវុធត្រូវសហការជាមួយគយដើម្បីបង្កើនសកម្មភាពទប់ស្កាត់និងបង្ក្រាបរថយន្តគ្មាន ពន្ធ។ ក្នុងករណីចាំបាច់ប្រសិន បង្ក្រាបបានរថយន្តសេរីទំនើបគ្មាន ពន្ធដែលម្ចាស់ជាមេទ័ព មេប៉ូលីស ឬជាអ្នកធំក្នុងជួររាជរដ្ឋាភិបាល តំណាងរាស្ត្រ និង សមាជិកព្រឹទ្ធសភាជាដើមដែលមិនគោរពច្បាប់និងបន្តប្រើប្រាស់ រថយន្តនោះត្រូវរាយការណ៍អំពី អត្តសញ្ញាណម្ចាស់រថយន្តជូន សម្តេចតេជោនាយករដ្ឋមន្ត្រីដើម្បី សម្តេចមានវិធានការដកមុខតំណែងនិងបណ្ដេញចេញពីគណបក្សថែមទៀត។
ទី៥-ទាំងអស់គ្នាត្រូវចូលរួមអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់។ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ តទៅ រថយន្តគ្មានពន្ធនិងអាករមិនអាចចរាចរលើដងផ្លូវបានឡើយគឺជា រថយន្តខុសច្បាប់ដែលនឹងត្រូវរងវិធានការយ៉ាងតឹងរ៉ឹងនិងម៉ឺងម៉ាត់បំផុត៕