ក្រចេះ ៖ មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ ខេត្តក្រចេះ លោក ទេព ហ៊ុយ ត្រូវបានកម្លាំងអាវុធហត្ថតាមចាប់វាយខ្នោះ ក្រោយបុគ្គលរូបនេះ បានប្រើហិង្សា និងទារុណកម្មយ៉ាងធ្ងន់ធ្ងរទៅលើក្មេងស្រីទាំង២នាក់ដែលជាកូនឈ្នួលបម្រើក្នុងផ្ទះ រហូតត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ក៏បានបញ្ជាឲ្យសមត្ថកិច្ចចាត់វិធានការចំពោះជនល្មើសផ្សេងទៀត ដែលពាក់ព័ន្ធនៅក្នុងអំពើហិង្សា និងទារុណកម្មនេះថែមទៀតផង ពោលមិនលើកលែងឲ្យជាដាច់ខាត។
នាយឧត្តមសេនីយ៍ សៅ សុខា ចាត់ទុកថា ទង្វើបែបនេះជាពាល រឿងអសីលធម៌ និងមិនអាចទទួលយកបាននោះឡើយ ហើយនាយឧត្តមសេនីយ៍ ក៏មិនទុកឲ្យមានមន្រ្តីអាវុធហត្ថបែបនេះ នៅក្នុងជួរអង្គភាពទៀតឡើយ។
នាយឧត្តមសេនីយ៍ សៅ សុខា បានប្រាប់បណ្តាញព័ត៌មាន នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះថា «ខ្ញុំឱ្យបង្ក្រាបទាំងអស់ ចំពោះអ្នកពាក់ព័ន្ធប៉ុន្មាន ពីព្រោះវាជារឿងពាលដល់ថ្នាក់ហ្នឹង គ្មានដឹងសីលធម៌ ធ្វើបាបកូនក្មេងតូចៗ អត់បានទេ រឿងនេះខ្ញុំម៉ឺងម៉ាត់ដាច់ខាត ពួកប្រព្រឹត្តបទល្មើសទាំងនេះ ខ្ញុំមិនទុកនៅក្នុងអង្គភាពជាដាច់ខាត ទោះបីស័ក្តិប៉ុណ្ណា ក៏មិនឱ្យរួចខ្លួនដែរ ពីព្រោះវាជាករណីឃោឃៅ ព្រៃផ្សៃ ដែលខ្ញុំមិនអាចទទួល យកបានឡើយ ជាពិសេសទៅលើក្មេងតូចៗទៀត» ។
ជាមួយគ្នានេះ អ្នកនាំពាក្យកងរាជអាវុធ ហត្ថផ្ទៃប្រទេសលោកឧត្តមសេនីយ៍ត្រីអេង ហ៊ី ក៏បានចេញសេចក្តីប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មានអំពីការបើកការស៊ើប អង្កេតបឋម ដោយមន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តក្រចេះ លើករណីប្រើអំពើហិង្សាទៅលើក្មេងស្រីជាកូនឈ្នួលបម្រើនៅផ្ទះបណ្ដាលឱ្យរងរបួស ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះផងដែរ។
អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តក្រចេះ បាននិងកំពុងធ្វើការស៊ើបអង្កេតបឋម តាមនីតិវិធី ដោយមានការដឹកនាំ និងសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តក្រចេះ។
លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានបញ្ជាក់ថា ឈ្មោះ ទេព ហ៊ុយ ភេទប្រុស អាយុ៤២ឆ្នាំ ឋានន្តរស័ក្តិវរសេនីយ៍ត្រី មុខងារមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ដោយមូលហេតុបុគ្គលនេះបានប្រព្រឹត្តអំពើហិង្សាទៅលើក្មេងស្រីដែលជាកូនឈ្នួល (អ្នកបម្រើនៅផ្ទះ)។ ទន្ទឹមនឹងនោះ ក៏បានឃាត់ខ្លួនបុគ្គលដែលពាក់ព័ន្ធ នឹងការប្រព្រឹត្តបទល្មើសផងដែរ។
នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា សម្រាប់អាវុធហត្ថមានទិសស្លោកជាត្រីវិស័យ បង្ហាញផ្លូវសម្រាប់របៀបធ្វើការរួមមាន៖
*ទី១៖ ចំពោះប្រទេសជាតិត្រូវតែការពារ
*ទី២៖ ចំពោះប្រជាត្រូវតែបម្រើ
*ទី៣៖ ចំពោះច្បាប់ត្រូវតែគោរព
*ទី៤៖ ចំពោះបទល្មើសត្រូវតែបង្រ្កាប។
ជាមួយគ្នានោះដែរ ក្រោមការគ្រប់គ្រងដឹកនាំបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បុគ្គលគ្រប់រូប ដែលប្រព្រឹត្តបទល្មើសត្រូវតែបង្ក្រាប និងអនុវត្តតាមច្បាប់។
សូមបញ្ជាក់ថា ករណីវាយធ្វើបាប និងទារុណកម្មលើក្មេងស្រីទាំង២នាក់នេះ បានកើតឡើងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅក្រុងក្រចេះ ខេត្តក្រចេះ។
ក្មេងស្រីរងគ្រោះទាំង២នាក់មានឈ្មោះ ត្រែក ធារ៉ា អាយុ១២ឆ្នាំ និងឈ្មោះ វ៉ន ពិសី អាយុ១២ឆ្នាំ ដូចគ្នា។ ក្មេងស្រីរងគ្រោះទាំង២នាក់ខាងលើនេះ ត្រូវជាបងប្អូនជីដូនមួយរស់នៅភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ និងបានមកស៊ីស្មួលបម្រើនៅផ្ទះមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ ក្នុងមួយខែថ្លៃឈ្នួល១០០ដុល្លារ។
ជួបជាមួយ ក្មេងស្រីរងគ្រោះទាំង២នាក់ បានឱ្យដឹងថា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះថា ពួកគេទាំង២នាក់ បានធ្វើឲ្យកូនឆ្កែងាប់។ ក្រោយពីសត្វឆ្កែនោះងាប់លោក ហ៊ុយ បានវាយធ្វើបាបដោយបោចសក់ និងយកជើងម៉ាពណ៌ ក្រហម វាយក្បាលចំនួន ២ជើងម៉ា ហើយកូនចៅលោក ហ៊ុយ បានវាយមកលើនាងចំនួន ០៣កំភ្លៀង។
ចំណែកម្ដាយក្មេងស្រីរងគ្រោះ បានបញ្ជាក់ថា កូនស្រីរបស់គាត់បានប្រាប់គាត់ថា គេទះកំភ្លៀងកូនរបស់គាត់ និងយកជើងម៉ាវាយក្បាល ថែមទាំងឱ្យស៊ីអាចម៍ឆ្កែ និងឱ្យដេកអោបផ្នូខ្មោចឆ្កែចំនួន ១យប់ទៀតផង។
ម្ដាយជនរងគ្រោះ បានបញ្ជាក់បន្ថែមថា លោក ហ៊ុយ ចង់ធ្វើការសម្របសម្រួលជាមួយគាត់ តែគាត់មិនព្រមនោះឡើយ ពោលទុកឲ្យច្បាប់ដោះស្រាយចុះ។
ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន បានទទួលការពារក្តីជូនកុមារីរងគ្រោះ២នាក់ ដោយសារអំពើហិង្សារបស់មេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ។
ប្រធានក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ សែន បានយល់ព្រមទទួលជួយការពារក្តីជូនកុមារីរងគ្រោះដោយសារអំពើហិង្សា របស់មេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ បន្ទាប់ពីមានសំណើពីលោកមេឃុំ និងម្តាយកុមារីរងគ្រោះទាំងពីររូប ដោយសុំឲ្យជួយការពារក្តីតាមផ្លូវច្បាប់ និងជួយស្វែងរកយុត្តិធម៌ជូនកូនរបស់គាត់ទាំងពីរ។
លោក គី តិច ប្រធានក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោសែន បានថ្លែងប្រាប់នៅយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះថា «ដោយមានសំណូមពរពីក្រុមគ្រួសារកុមារីរងគ្រោះ លោកមេឃុំ និងដោយករណីនេះត្រូវលក្ខខណ្ឌ និងចំគោលការណ៍របស់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនផង (កុមារីជាអនីតិជន, គ្រួសារក្រីក្រ និងត្រូវអ្នកមានអំណាចរំលោភបំពាន) ហេតុនេះខ្ញុំបានសម្រេចយល់ព្រមឲ្យទទួលការពារក្តីតាមផ្លូវច្បាប់»៕