ភ្នំពេញ : អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលមានដូចជាអង្គរ មី ត្រីខ ទឹកស៊ីអ៊ីវ ត្រូវបាន លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាំយកមកប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៥១៥ គ្រួសារ ដែលទទួលរងនូវការលិចលង់ដោយទឹកទំនប់ព្រែកត្នោត នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
ពិធីចែកអំណោយខាងលើនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ នៅក្នុងបរិវេណក្រុមហ៊ុនដឹកជញ្ជូនសំរាម Mizuda Group Co.,Ltd ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបញ្ជាក់ថា អំណោយទាំងនេះ គឺជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ សម្ដេចទាំងពីរ បានឲ្យរដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយទាំងនេះ មកចែកជួនបងប្អូន ដែលជួបការពិបាក ដោយសារទឹកជំនន់ ។
លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា គិតមកដល់ព្រឹកថ្ងៃទី២៨តុលានេះ ទឹកស្ទឹងព្រែកត្នោតបានស្រកចុះ៤តឹកហើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីទាំងអាជ្ញាធរ ទាំងកម្លាំងមានសមត្ថកិច្ចនិងកងអង្គរក្សសម្ដេចតេជោ នៅតែឈរជើង នៅទីតាំងបញ្ជាការស្រាល ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋ ខណៈដែលពួកគាត់ត្រូវការជួយសង្គ្រោះដោយប្រការផ្សេងៗ។ សម្ដេចតេជោ ហ៊ុន សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជានិច្ចជាកាល នៅជាប់ជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច ពោលគឺនៅពេលដែលបងប្អូនប្រជាពលរដ្ឋមានបញ្ហាទុក្ខព្រួយគឺ សម្ដេចទាំងពីរជួយបងប្អូនប្រជាពលរដ្ឋជានិច្ច ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយនោះទេ។
លោក ឃួង ស្រេង បានបន្ថែមឲ្យដឹងទៀតថា អំណោយជាអង្កររបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ចំនួន១០០០តោនបានត្រៀមរួចរាល់ហើយ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលខ្វះខាត៕