ពោធិ៍សាត់ ៖ នារសៀលថ្ងៃសៅរ៍ ៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ នេះ សាកសពនារីម្នាក់ដែលគេប្រទះឃើញក្នុងបង្វេច១មុខបន្ទប់លេខ៦នៃផ្ទះសំណាក់យីហោ(យ៉ិនស៊ិនថ្មី) ស្ថិតនៅភូមិថ្នល់បំបែក សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ បានស្គាល់អត្តសញ្ញាណជនរងគ្រោះហើយ គឺ ឈ្មោះ ជន ស្រីណូ ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មានកូនប្រុសអាយុ៥ឆ្នាំម្នាក់រស់នៅជាមួយជីដូន មានទីលំនៅភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុង.ខេត្តពោធិ៍សាត់ ជាករណីឃាតកម្មរឹត.កសម្លាប់យកម៉ូតូ ។
ស្រាវជ្រាវជាក់ស្ដែងជុំវិញកន្លែងកើតហេតុ តាងលេខ-១ ក្បែរសពពិនិត្យឃើញម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៧ កាំបន្ទះ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1G 8098 តាងលេខ-២ ក្នុងបន្ទប់កើតហេតុពិនិត្យឃើញ នៅលើតុមានកែវជ័រដាក់ទឹកស៊ីរ៉ូទឹកដោះគោ និងសំណល់នំបុ័ងសាច់ និងសំណល់មីក្នុងចាន់ជ័រ តាងលេខ-៣ នៅលើឥដ្ឋការ៉ូមានកំទេចសក់ ខាងកើតគ្រែដេកមានខ្សែនីឡុងពណ៌សមួយកំណាត់ និងម៉ាស់១ តាងលេខ-៤ សោរទ្វារបន្ទប់បានបោសយកក្រយ៉ៅម្រាមដៃ តាងលេខ-៥ ខាងជើងរបងផ្ទះសំណាក់(យ៉ិនស៊ិនថ្មី) មានស្បែកជើងផ្ទាត់១គូរម៉ាកក្រពើ និងតាងលេខ-៦ និងតាងលេខ-៧ បានពិនិត្យសាកសពជាមួយគ្រូពេទ្យជំនាញ នៅវេលាម៉ោង៩ និង២០នាទី រហូតដល់វេលាម៉ោង១០ និង១០នាទី ព្រឹកថ្ងៃទី៩ ខែតុលា(ថ្ងៃកើតហេតុ)ទើបស្គាល់អត្តសញ្ញាណដូចបានបញ្ជាក់ខាងលើ សពមានកម្ពស់១,៤៨ម៉ែត្រ សម្បុរ ខ្មៅស្រអែម ពាក់អាវដៃវែង ពណ៌ក្រហមមានផ្កាកូលាប ស្លៀកខោជើងវែង ពណ៌ក្រហមមានផ្កាកូលាប សពមានសភាពនៅទន់សន្លាក់ ផ្នែក.កមានស្នាមរឹតនឹងកន្សែងពោះគោ ពណ៌ផ្កាឈូក១ជុំ ពេលស្រាយកន្សែងមានខ្សែនីឡុង ពណ៌ស រុំក២ជុំ ពេលកាត់ខ្សែនីឡុង មានស្នាមជាំទ្រុឌជារង្វង់ជុំទំហំ០,៥ស.ម ចំហៀង.កខាងស្ដាំមានស្នាមជាំទ្រុឌចំនួន៣កន្លែង ប្រដាប់ភេទសពមានទឹកកាមបុរសជាច្រើន ការពិនិត្យផ្នែកខាងក្រៅនៃសព លទ្ធផលៈ ដូចបានរៀបរប់ ក្រៅពីនោះកម្លាំងសមត្ថកិច្ចពុំបានពិនិត្យឃើញអ្វីនោះទេ សពអាចស្លាប់លើសពី៤ម៉ោង ។
បំភ្លឺជុំវិញទីកន្លែងកើតហេតុ និងយោងតាមការពិនិត្យស្រាវជ្រាវជាក់ស្ដែង សម្រេចសន្ថិដ្ឋានបានថា ជនរងគ្រោះអាចស្លាប់ដោយឃាតកម្មរឹត.ក សម្លាប់យកម៉ូតូរបស់ស្រ្តីរងគ្រោះ(ជន ស្រីណូ)ខណៈមានលិខិតទិញលក់ម៉ូតូពីឈ្មោះ សាន់ សុភា ភេទប្រុស មានទីលំនៅភូមិពាលញែកទី-២ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ។
ស្រ្តីឈ្មោះ ម៉ុល រ៉េត ភេទស្រី អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ ត្រូវជាម្ដាយង្កើតជនរងគ្រោះ មានទីលំនៅភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុង.ខេត្តពោធិ៍សាត់ បានបញ្ជាក់ប្រាប់សមត្ថកិច្ចនគរបាលថា ជនរងគ្រោះពិតជាកូនស្រីរបស់គាត់មែន មួយរយៈនេះ គាត់ពុំសូវចូលផ្ទះទេ កន្លះខែទៅ១ខែ ឃើញមកមួយភ្លែតសុំលុយ៥ទៅ៦ម៉ឺនរៀលទៅបាត់ សពបានប្រគល់ជូនស្រ្តីជាម្ដាយ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
ករណីឃាតកម្មរឹត.កសម្លាប់នេះ សមត្ថកិច្ចជំនាញកំពុងដំណើរស្រាវជ្រាវស៊ើបអង្កេត ដើម្បីកំណត់មុខសញ្ញា ៕