ខេត្តព្រៃវែង ៖ ដីព្រែកទប់ដែលមានទទឹងជាង១០ម៉ែត្រ បណ្តោយជាង៣០០ម៉ែត្រ កំពុងត្រូវបានប្រជាពលរដ្ឋ១គ្រួសារចាក់ដីលុបនិងបុកគ្រឹះធ្វើផ្ទះវីឡាយ៉ាងរឹងមាំ ធ្វើអោយប្រជាពលរដ្ឋនៅតំបន់នោះនាំគ្នានឹកឆ្ងល់ជាខ្លាំង ហេតុអ្វីអាជ្ញាធរបណ្តោយអោយគេរំលោភយកដីសាធារណៈរបស់រដ្ឋបានយ៉ាងងាយស្រួលបែបនេះ ? ដីព្រែកទប់ដែលកំពុងត្រូវបានគេរំលោភយកនេះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣១០ ទល់មុខមណ្ឌលសុខភាពព្រែកក្របៅ ស្ថិតក្នុងភូមិព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង ។ តាមពលរដ្ឋនៅក្បែទីតាំងនោះ បានប្រាប់អោយដឹងថា ដីព្រែកទប់នេះ កាលពីជាង២ឆ្នាំមុន ត្រូវបានអាជ្ញាធរស្រុក ប្រគល់១កំណាត់ខាងលិចផ្លូវជាតិលេខ៣១០ ទៅអោយសុខាភិបាល សាងសង់មណ្ឌលសុខភាពព្រែកក្របៅ ចំណែក១កំណាត់ខាងកើតផ្លូវ នៅរក្សាជាដីរដ្ឋនៅឡើយ ប៉ុន្តែនៅពេលគេចាប់ផ្តើមធ្វើមណ្ឌលសុខភាព ស្រាប់តែពលរដ្ឋ១គ្រួសារដែលនៅខាងកើតផ្លូវជាប់ព្រែកនេះ បានធ្វើរបងចាក់ដីពទ្ធ័យកដីព្រែកនេះតែម្តង ហើយភ្លាមៗនោះ អាជ្ញាធរឃុំស្រុកបានចុះមកហាមឃាត់ និងរក្សាដីនេះទុកជាសម្បត្តិរដ្ឋដដែល រហូតដល់បច្ចុប្បន្ន។ ប៉ុន្តែថ្មីៗនេះ ស្រាប់តែឃើញគ្រួសារដដែលនេះ បានបន្តសកម្មភាពរំលោភយកដីព្រែកទប់នេះម្តងទៀត ដោយបានហៅជាងចាក់សសរបេតុងធំៗជាច្រើនដើមចូលព្រែក លើកគ្រោងចេញជាផ្ទះវីឡាយ៉ាងស្កឹមស្កៃតែម្តង។