(ភ្នំពេញ)៖ អ្នកឧកញ៉ាចិត្តធម៌ដ៏ល្បាញល្បីនៅកម្ពុជា ឡេង ណាវ៉ាត្រា ប្រកាសឧបត្ថម្ភថវិកា ២០លានរៀល ជូនកុមារាម្នាក់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលកំពុងផ្ទុះការចាប់អារម្មណ៍ពីមហាជន។
ការឧបត្ថម្ភរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើឡើងក្រោយពេលរូបភាពនៃការខ្វះខាតរបស់កុមារារូបនេះ ត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក រួមទាំងហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផងដែរ។
អ្នកញ៉ា ឡេង ណាវ៉ាត្រា បានគូសបញ្ជាក់លើហ្វេសប៊ុករបស់លោកថា «ក្មួយប្រុសពូជួយសម្ភាក្មួយ ២០លានរៀលសម្រាប់កាសិក្សា និងឪពុកម្ដាយរបស់ក្មួយ»។
អ្នកឧកញ៉ា ដែលមិនអាចសិក្សាបានខ្ពស់តាមបំណងប្រាថ្នាព្រោះតែភាពក្រីក្រក្នុងគ្រួសារពីអតីតកាលរូបនេះ បានបញ្ជាក់បន្ថែមថា «កាពិតទៅក្មួយមានសំណាងណាស់ ដែលមានឱកាសចូលរៀន។ ក្មួយត្រូវតែតស៊ូ បើប្រទេសយើងគ្មានសន្តិភាពទេ សូម្បីការរៀនសូត្រ ក៏យើងមិនអាចរៀនបានបានដែរ។ ពូគ្មានពាក្យអីច្រើនទេ មានតែពាក្យថាក្មួយតស៊ូ»។
អ្នកឧកញា៉ ក៏បានប្រកាសឱ្យក្រុមគ្រួសារទាក់ទងទៅក្រុមកាងារលេខទូរស័ព្ទ 070 451 400។
សូមបញ្ជាក់ថា កុមារារូបនេះ មានឈ្មោះ គង់ សីហា អាយុ ៧ឆ្នាំ ជាសិស្សរៀននៅសាលាបឋមសិក្សាជ័យ និងរស់នៅភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ជាមួយឈុតសម្លៀកបំពាក់ជាសិស្សសាលាដែលមានពណ៌ស្រអាប់ គ្មានស្បែកជើងពាក់ និងភ្ជាប់ដោយថង់ច្រកបណ្ណចាក់វ៉ាក់សាំងចងភ្ជាប់នឹងអាវ កុមារា គង់ សីហា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមកើតក្តីអាណិតអាសូរជាខ្លាំងសម្រាប់រូបគេ ហើយក៏មានការឧបត្ថម្ភជាបន្តបន្ទាប់ផងដែរ។
រូបភាពមួយសន្លឹកនេះ មិនត្រឹមតែអន្ទងត្រឹមបេះដូង និងដួងចិត្តរបស់ប្រជាពលរដ្ឋទូទៅនោះទេ តែក៏បានអន្ទងដល់ដួងចិត្ត និងបេះដូងរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញការចាប់អារម្មណ៍ និងបង្ហាញនូវមោទនភាពចំពោះការចង់សិក្សារៀនសូត្រ និងការបានចាក់វ៉ាក់សាំងរបស់កុមាររូបនេះ។
សម្តេចតេជោ បានគូសបញ្ជាក់ថា «ខ្ញុំពិតជាមានមោទនភាពចំពោះចៅៗដែលចង់រៀនសូត្រ។ បណ្ណចាក់វ៉ាក់សាំងពាក់នៅកបង្ហាញថាខ្ញុំ បានចាក់វ៉ាក់សាំងរួចហើយ និងចូលរៀនដោយគ្មានការភ័យខ្លាចជាមួយនិងការពាក់ម៉ាស់បានត្រឹមត្រូវ»។
សម្តេចតេជោ ក៏បានលើកឡើងផងដែរថា ទោះបីកុមាររូបនេះ មិនមានស្បែកជើងពាក់ តែសម្តេចជឿថា កុមារារូបនេះ ច្បាស់ជាលាងដៃ និងរក្សាអនាម័យបានល្អ៕