បន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចំនួន៣នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារជនទំនើបជនជាតិថៃ បានធ្វើការបាញ់ប្រហារ ក្នុងហេតុការណ៍ជនជាតិថៃទាំងអស់នោះ ដែលបង្កការអុកឡុកនៅក្នុងក្រុងប៉ោយប៉ែត ។
យោងតាមសមត្ថកិច្ចបន្ទាយមានជ័យ បានឲ្យដឹងថា ហេតុការណ៍ផ្ទុះអាវុធនេះ បានកើតឡើងនៅវេលាម៉ោង១១ និង៤៥នាទី យប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅហាងទូកុងទឺន័រ ទល់មុខកាស៊ីណូផារេមិក ទីតាំងរួមរបស់ក្រុមហ៊ុនកាស៊ីណូ Galaxy ប៉ោយប៉ែត ។
ឧត្តមសេនីយ៍ បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ករណីផ្ទុះអាវុធនៅប៉ោយប៉ែតនេះ គឺជាការចុះបង្ក្រាបរបស់សមត្ថកិច្ច ចំពោះជនជាតិថៃមួយក្រុម និងក្រុមកាងជនជាតិថៃ ដែលបង្កការអុកឡុក ធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ។
លោកបន្តថា ក្រុមបង្ករទាំងនោះបានប្រើដបគប់មកលើកម្លាំងអាវុធហត្ថ ព្រមទាំងបានប្រើអាវុធបាញ់មកលើសមត្ថកិច្ច បណ្តាលឲ្យកម្លាំងអាវុធហត្ថរងរបួស៣នាក់ ក្នុងនោះកម្លាំងសមត្ថកិច្ចយើងម្នាក់ត្រូវគ្រាប់កាំភ្លើង ដែលជនបង្កបាញ់ធ្លាយថ្ពាល់និងថ្គាមពីម្ខាងទៅម្ខាង រងរបួសធ្ងន់ ទើបកម្លាំងសមត្ថកិច្ចសម្រេចចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ ដើម្បីទប់ទល់ស្ថានការណ៍ ជាលទ្ធផលសមត្ថកិច្ចចាប់ខ្លួនក្រុមបង្ករទាំងនេះបាន ១៥នាក់ និងកំពុងបន្តស្វែងរកចាប់ខ្លួនបក្ខពួកក្រុមបង្ក បញ្ហាបន្តបន្ទាប់ទៀត ។
បើយោងតាមប្រភពនៅជិតកន្លែងកើតហេតុ បានឲ្យដឹងថា ហាងខាងលើមានម្ចាស់ជាស្ត្រី ជនជាតិថៃ ហើយមានបុរសម្នាក់ខ្មែរ តែងតែជួយមើលថែគ្នា ដោយបុរសជនជាតិខ្មែរនោះ បានប្រកែកជាមួយជនជាតិថៃ ដែលចូលទៅផឹកស៊ីក្នុងហាងនេះ ក្រោយមកក៏ឮសម្លេងផ្ទុះអាវុធនៅទីនោះផ្នែកខាងលើ បង្កឲ្យមនុស្សរត់ប្រសាចផ្អើលចេញមកក្រោម ក៏មានរូបភាពប្រតាយប្រតប់គ្នា ហើយភ្លាមនោះមានលេចមុខសមត្ថកិច្ចចុះមកបង្ក្រាប ៕