ផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១០:០៨នាទី
ភ្នំពេញ៖ នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ មានទីតាំងមួយកន្លែងកំពុងតែលួចបើកដំណើរការ អាជីវកម្មល្បែងស៊ីសងខុសច្បាប់ «ភ្លាល់បៀរ ភ្នាល់បាល់ ភ្នាល់មាន់ និងល្បែងស៊ីសងគ្រប់ប្រភេទផ្សេងៗជាច្រើន តាមប្រព័ន្ធអនឡាញ» «កាស៊ីណូ អនឡាញ» កំពុងបើកយ៉ាងរលូនដោយមិនទាន់មានចំណាត់ការបង្ក្រាបពីអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។
តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ សុំមិនបញ្ចេញឈ្មោះ បានផ្តល់សារព័ត៌មានកាន់ អង្គភាពសារព័ត៌មានយើងថា មានទីតាំងល្បែងស៊ីសង ប្រភេទកាស៊ីណូស្ថិតនៅភូមិសង្កាត់ខាងលើ ដោយមិនទាន់មានសមត្ថកិច្ចដឹងឡើយ ។ ទើបនៅថ្ងៃទី២៥ វិច្ឆិកា ក្រុមការងារយើងចុះពិនិត្យឃើញថាពិតជាមានទីតាំងលួចលាក់លេងល្បែង ពិតប្រាកដមែន។
ប្រជាពលរដ្ឋរូបនោះបានបង្ហើបថា៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ប្រហែលជាមានបុណ្យបារមីខ្ពស់ទើបអាចបំបាំងកាយមិនឲ្យសមត្ថកិច្ចថ្នាក់មូលដ្ឋានមើលឃើញទីតាំងរបស់ខ្លួន។
រីឯអ្នកយាមច្រកទ្វារ បានប្រាប់អ្នកចូលភ្នាល់លុយថា កន្លែងរបស់ខ្លួនទើបតែបើកដំណើរការបានជាងមួយខែ ប៉ុន្តែសម្បូរមនុស្សចូលលេងណាស់ ។ ហើយក៏មានអ្នកឈ្នះ អ្នកចាញ់មិនតិចគ្នាដែរ។
ប្រជាពលរដ្ឋសុំសំណូមពរដល់លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ហើយនិងលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ សូមមេត្តាចាត់មន្ត្រីក្រោមឱវាទចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ដោយក្តីអនុគ្រោះ៕ សូមអរគុណ!
សូមបញ្ជាក់ដែរថា៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះមានចំនួនបុគ្គលិក ជំនាញផ្នែកកុំព្យូទ័រ ប្រមាណជា ៧ទៅ៨នាក់ និងមានអ្នកភ្នាល់ចូលលេងណែនតាន់តាប់ មានទាំងចាស់និងក្មេងជំទង់គ្រប់វ័យ !