បាត់ដំបង : ក្រោយពីបានបើកការអង្កេតអស់រយៈពេលជាង០២ខែលើករណី«អំពើឃាតកម្ម»ដ៏ឃោរឃៅមួយ ដែលកើតឡើងនៅស្រុកគាស់ក្រឡ ទីបំផុត សមត្ថកិច្ចជំនាញស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះដាក សុខា មានតួនាទីជាអធិការរងស្រុកគាស់ក្រឡ ទទូលបន្ទុកផ្នែកគ្រឿងញៀន។
ជនសង្ស័យរូបនេះត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការខេត្តបាត់ដំបងធ្វើការឃាត់ខ្លួននិងដោះឯកសណ្ឋាននគរបាល
ជាតិហើយបញ្ជូលចូលទ្រុងនៅយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ក្រោយពីសង្ស័យមានការជាប់ពាក់ព័ន្ធទៅនឹងអំពើឃាតកម្ម(សម្លាប់បងថ្លៃរបស់ខ្លួន)កាលពីចុងខែសីហា កន្លងទៅនេះ នៅភូមិបាស្រែ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ពាក់ពន្ធ័និងសំណុំរឿងនេះ មន្ត្រីនគបាលនៃការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេតអស់រយៈពេលជាង០២ខែ មកហើយបន្ទាប់ពីកើតហេតុ ទើបលេចចេញនូវតម្រុយនៃមុខសញ្ញាជនសង្ស័យ ដែលត្រូវជាប្អូនថ្លៃជនរងគ្រោះ ដែលមានតូនាទីជា«អធិការរងស្រុកគាស់ក្រឡ។
លោកឧត្តមសេនីយ៍ទោ សាត គឹមសានស្នងការនគរបាលខេត្តបាត់ដំបង ហាក់មានការស្ទាក់ស្ទើរក្នុងការផ្ដល់ព័ត៌មាន ពាក់ព័ន្ធនឹងការឃាត់ខ្លួនជនសង្ស័យ ដែលមានតួនាទីជាអធិការរងម្នាក់នេះ។
ប៉ុន្តែយ៉ាងណាក្ដី លោកសាត គឹមសាន បានថ្លែងប្រាប់អ្នកសារព័ត៍មានតាមទូរស័ព្ទយ៉ាងខ្លី
នៅព្រឹកថ្ងៃទី០៥ វិច្ឆិកានេះថា «ពិតជាឃាត់ខ្លួនលោកអធិការរងម្នាក់នេះមែន តែកំពុងស្ថិតក្នុងការស្រាវជ្រាវនៅឡើយ» ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែសីហា កន្លងទៅនេះជនរងគ្រោះ ( សព ) ត្រូវបានសមត្ថកិច្ចស្រុកគាស់ក្រឡឃាត់ខ្លួន ដើម្បីយកមកធ្វើការអប់រំ ជុំវិញករណីហិង្សាក្នុងគ្រួសារ។
ពេលបញ្ចប់សមត្ថកិច្ចក៏បានឲ្យលោកអធិការរងឈ្មោះ ដាក សុខា ដឹកតាមរថយន្តព្រូសត្រឡប់ទៅផ្ទះវិញទាំងដៃជាប់ខ្នោះ ព្រោះដោយសារអធិការរងរូបនេះត្រូវជាប្អូនថ្លៃ ហើយក៏ស្ងាត់តាំងពីពេលនោះមក។
លុះនៅថ្ងៃទី៣១ ខែសីហា ប្រជាពលរដ្ឋបានប្រទះឃើញសពមានក្លិនស្អុយ ដែលត្រូវបានគេកប់ក្នុងដីតែមិនជិតដោយសារសពមានសភាពហើយទៅហើយ ក៏មានការភ្ញាក់ផ្អើលតែម្តង៕