ភ្នំពេញ៖ ទីតាំងអ៊ីនធឺណិត យីហោ2888 ស្ថិតនៅភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ កំពុងតែបង្កើតល្បែងស៊ីសងខុសច្បាប់ «ភ្នាល់បៀរ ភ្នាល់បាល់ ភ្នាល់មាន់ ប្រភេទកាស៊ីណូអនឡាញ និងល្បែងស៊ីសងផ្សេងជាច្រើនទៀត» ក្នុងដែនសមត្ថកិច្ចរបស់លោក ម៉ន វុធី អធិការខណ្ឌពោធិសែនជ័យ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា៖ ទីតាំងអ៊ីនធឺណិត យីហោ2888 ខាងលើនេះ បានបើកដំណើរការទទួលជនញៀនល្បែងយ៉ាងអនាធិបតេយ្យ (ពោលគឺ) ក្នុងមួយថ្ងៃបើក ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍ និងសម្បូរដោយជនចម្លែកៗចូលទៅលេង! ចំណែកឯមន្ត្រីពាក់ព័ន្ធថ្នាក់មូលដ្ឋានសម្ងំស្ងៀម។
ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ បានលួចបង្ហើបប្រាប់សារព័ត៌មានទាំងភ័យខ្លាចថា ទីតាំងខាងលើនេះ សម្បូរក្មេងស្ទាវ ចេញចូលយ៉ាងស្រស្រាក់ស្រស្រាំ ដោយពួកគាត់មានការភ័យខ្លាចចំពោះសុខទុក្ខរបស់គាត់នៅពេលយប់ «ពោលគឺ៖ ទីណាមានល្បែង ទីនោះមានចោរលួច ចោរប្លន់»។
ពាក់ព័ន្ធទៅហ្នឹង ទីតាំងល្បែងស៊ីសងខាងលើនេះ មហាជនជាច្រើន ស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន ដែលមានលោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ហើយនិងលោក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សូមមេត្តាចាត់តាំងមន្ត្រីជំនាញចុះបង្ក្រាបទប់ស្កាត់ទីតាំងបទល្មើសខាងលើនេះផងទាន។
មហាជន សង្ឃឹម យ៉ាងមុតមាំថា លោកអភិបាលខណ្ឌ ប្រាកដជារួមដៃជាមួយលោកអធិការខណ្ឌ បោសសំអាតបទល្មើសក្នុងដែនគ្រប់គ្រងរបស់ខ្លួនបានជាក់ជាមិនខាន៕ សូមអរគុណ!