ភ្នំពេញ ៖ ពីធីករល្បីឈ្មោះ តាប៊ុយ បេីករថយន្តសេរីទំនេីបម៉ាក Range Rover ១គ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BK-8809 ក្នុងស្ថានភាពស្រវឹង ជ្រុលទៅបុកពីក្រោយរថយន្ត PRIUS ដែលកំពុងឈប់រងចាំស្តុប ពេញទំហឹង ហេីយព្យាយាមគេចវេសបេីករត់ចេញពីកន្លែងកេីតហេតុ តែត្រូវម្ចាស់រថយន្តរងគ្រោះនិងប្រជាពលរដ្ឋ ដេញតាមឃាត់បាន បង្កការភ្ញាក់ផ្អេីលពេញផ្លូវ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកេីតឡេីងកាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃអង្គារិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ នៅចំណុចមុខផ្សារទំនេីបបាយ័ន តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BK-8809 បើកបរដោយបុរសម្នាក់ដែលគេស្គាល់ឈ្មោះថា តាប៊ុយ (VJ Taboi) ដែលជាពិធីករល្បីឈ្មោះមួយរូប ក្នុងស្ថានភាពស្រវឹង។
ប្រភពពីម្ចាស់រថយន្តម៉ាកតូយ៉ូតាព្រូស (TOYOYA PRIUS) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AH-7048 បេីកបរដោយបុរសម្នាក់ រួមដំណើរដោយនារី៣នាក់ទៀត បានប្រាប់អ្នកសារព័ត៌មាន BMKយេីងឲ្យដឹងថា : មុនពេលកើតហេតុ គាត់បេីករថយន្តធ្វើដំណើរតាមបណ្ដោយព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកេីតហេតុ ភ្លេីងស្តុបបានលោតពណ៍ក្រហម គាត់ក៏ឈប់រថយន្ដរងចាំស្តុប ភ្លាមនោះក៏មានរថយន្តបង្កខាងលើ ម៉ាក RANGE ROVER ធ្វើដំណើរស្របទិសគ្នាពីក្រោយមកក្នុងល្បឿនលឿន មកបុករថយន្តគាត់ពីក្រោយពេញទំហឹង បណ្តាលឲ្យបែកស្តុប និងកំពិតរួញស្រុញមួយកំណាត់ក្រោយ ចំណែករថយន្តបង្កបែកស្តុបខាងឆ្វេងកំពិតកាង និងបែកធុងទឹករងការខូចខាត ។ បន្ទាប់ពីបង្កហេតុរថយន្ដបង្កមិនព្រមឈប់ដោះស្រាយទេ និងបាន បន្ថែមល្បឿនបេីករត់គេចខ្លួន មកដល់មុខផ្សារទំនើបបាយ័ន ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក ក៏ត្រូវម្ចាស់រថយន្តតូយ៉ូតាព្រូស បេីកដេញតាមមកឃាត់ជាប់បង្កការភ្ញាក់ផ្អើលពេញដងផ្លូវតែម្ដង។
ក្រោយកេីតហេតុម្ចាស់រថយន្តបង្កគ្រប់គ្រងស្មារតីខ្លួនឯងលែងបាន ដេីរចាប់ទាញទូរស័ព្ទគេពេញដងផ្លូវ ក៏ត្រូវសមត្ថកិច្ចឃាត់នាំទៅកាន់ប៉ុស្តិ៍នគរបាលស្រះចក ឲ្យទាក់ទងហៅសាច់ញាតិមកដោះស្រាយជំនួស។ ដោយខាងរថយន្តបង្កសងការខូចខាតទៅកាន់រថយន្តតូយ៉ូតាព្រូស ចំនួន៥០០ដុល្លារ បញ្ចប់រឿងនៅប៉ុស្តិ៍នគរបាលស្រះចក។
ទោះបីជាយ៉ាងណាក៏ដោយ មហាជននៅតែទន្ទឹងរង់ចាំមើល ថាតើពិធីករដ៏ល្បីឈ្មោះ តាប៊ុយ អាចរួចផុតពីច្បាប់ចរាចរណ៍ផ្លូវគោក ត្រង់មាត្រា ៧៧ថ្មីដែលបានបញ្ញត្តិថា ជនណាបើកបរយានយន្តនៅពេលដែលខ្លួនស្ថិតក្នុងស្ថានភាពស្រវឹងដោយមានជាតិអាកុលចាប់ពី ០,៤០ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ ក្រាមក្នុងមួយលីត្រឈាមឡើងទៅ ត្រូវពិន័យអន្តរការណ៍តាមការកំណត់នៃអនុក្រិត្យ។
អំពើល្មើសខាងលើ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ ៦ខែ និងពិន័យជាប្រាក់ប្រាំបីសែនរៀលទៅ បួនលានរៀលក្នុងករណីដែលជនល្មើសធ្លាប់ទទួលរងនូវការពិន័យអន្តរការណ៍ម្ដងរួចហើយ តែនៅបន្តប្រព្រឹត្តល្មើសទៀតក្នុងកំឡុងពេល៦ខែ ចាប់គិតពីការពិន័យអន្តរការណ៍លើកមុន៕