អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកសាន សុខសីហាបានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន B.M.K.Hotnews ឲ្យដឹងថា : ទាក់ទងទៅនឹងជនមិនស្គាល់មុខមួយក្រុមចូលប្លន់ផ្ទះលោកស្រី អ៊ាន សៀវម៉ី គឺមិនមានការ បាត់បង់លុយរហូតដល់ប្រាំបួនឬ ១០លានដុល្លារ ដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ។
ករណីប្លន់នេះបានកើតឡើងនៅវេលាម៉ោង១០:៥០ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្មាំ២០២១ នៅចំណុចផ្ទះវីឡាលេខV01 ស្ថិតក្នុងភូមិគោគចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកសាន សុខសីហា បានបញ្ជាក់ថា មានសារព័ត៌មានមួយចំនួនបានចុះផ្សាយទាក់ទងករណីមានមនុស្សមួយក្រុម បានចូលប្លន់ទ្រព្យសម្បត្តិ នៅផ្ទះលោកស្រី អ៊ាន សៀវម៉ី ដោយបានប្លន់យកលុយ និងគ្រឿងអលង្កការ សរុប ចំនួន១០លានដុល្លារស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមធ្វើការបដិសេធចំពោះការចុះផ្សាយពីការបាត់ដ៏ច្រើនលើសលុបនេះនិងសូមបញ្ជាក់ជូនសារធារណ:ជនទាំងអស់ឱ្យបានជ្រាបថានៅពេលដែលសមត្ថកិច្ចចម្រុះកំពុងតែធ្វើការសាកសួរនិងស្រាវជ្រាវឱ្យបានច្បាសលាស់លើករណីនេះ។ជាក់ស្តែងតាមចម្លើយជនរងគ្រោះបានបញ្ជាក់យ៉ាងច្បាស់ថា មិនមានការបាត់បង់លុយឡើយ គឺបាត់តែខ្សែក បីខ្សែ តែប៉ុណ្ណោះ ។
ជាមួយគ្នានេះអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមអរគុណដល់សារព័ត៌មានទាំងឡាយតែងតែសហការបានយ៉ាងល្អក្នុងផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ និងមានប្រភពច្បាស់លាស់ពីអ្នកនាំពាក្យ ហើយក៏សូមសំណូមពរ ដល់សារព័ត៌មានមួយចំនួនសូមធ្វើការស្រាវជ្រាវ ឱ្យបានច្បាស់លាស់ជាមុនសិន មុននឹងធ្វើការចុះផ្សាយ ចៀសវាងធ្វើឱ្យមានភាពច្របូកច្របល់ ជាពិសេសបំប៉ោងសភាពការណ៍ ជាដើម ។
អ្នកនាំពាក្យបន្តថា ពេលនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លើករណីនេះហើយ ។