ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ខែធ្នូឆ្នាំ២០២១នេះ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យរួមដំណើរ ដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌ និងតំណាងមន្ទីរសាធារណះការរាជធានីភ្នំពេញ ចុះពិនិត្យមើលសកម្មភាពស្ថាបនាដាក់លូ និង ផ្លូវ ១ខ្សែ ប្រវែង ៣៨៩០ម៉ែត្រ ស្ថិតនៅផ្លូវវត្តអង្គតាមិញ ក្នុងសង្កាត់ កាកាបទី១ និងសង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា គម្រោងជួសជុលផ្លូវ ១ខ្សែប្រវែង៣៨៩០ ម៉ែត្រនិងដាក់លូបង្ហូរទឹកខាងលើ ជាចំណងដៃ របស់សាលារាជធានីភ្នំពេញសម្រាប់ចុងឆ្នាំ២០២១នេះជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់កាកាប១ និងសង្កាត់ចោមចៅ១ តែម្ដង ។ ទន្ទឹមនឹងនេះផងដែលបងប្អូនប្រជាពលរដ្ឋ បានសំដែងនូវអារម្មណ៍រំភើបសប្បាយរីករាយ ដែលបានទទួល ចំណងដៃ លូបង្ហូរទឹកនិងផ្លូវ ១ខ្សែ ប្រវែង ៣៨៩០ម៉ែត្រ ពីសាលារាជធានីភ្នំពេញ ដែលធានាបាននូវបរិមាណ គុណភាព និង សោភ័ណភាព ក្នុងមូលដ្ឋានខណ្ឌ ដើម្បីបំរើឱ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរផងដែរ ៕ ក្នុងនាមរដ្ឋបាលខណ្ឌពោធិ៍សែនជ័យក៍សំណូមពរ ដល់ប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរដើម្បីឱ្យគម្រោងស្ថាបនាផ្លូវនេះសម្រេចបានជោគជ័យ។