ស្វាយរៀង : ស្ត្រីវ័យ៤៤ឆ្នាំម្នាក់ត្រូវបានបុរសជាប្ដីវាយនិងយកអាវរឹត.កសម្លាប់ ខណៈកំពុងមានជំងឺបេះដូងប្រចាំកាយ បន្ទាប់ពីបុរសជាប្ដីស្រវឹងស្រា និងមានទំនាស់ពាក្យសម្ដីជាមួយគ្នា។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទី យប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅភូមិសែនត ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យជាប្ដីមានឈ្មោះ នេត រ៉ា អាយុ៤៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិសែនត ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ ចំណែកជនរងគ្រោះជាប្រពន្ធមានឈ្មោះ សោ សុខី អាយុ៤៤ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិឃុំជាមួយគ្នា។
នៅមុនកើតហេតុជនសង្ស័យជាប្ដីបានផឹកស្រាស្រវឹងរហូតមានទំនាស់ពាក្យសម្តីឈានដល់ប្រើអំពើហិង្សាដោយបានវាយប្រពន្ធមួយដៃ ហើយទាញអាវទៅរឹត.ក ពីក្រោយបណ្តាលឱ្យប្រពន្ធប្រកាច់ស្លាប់ មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដោយសារតែប្តីស្រវឹងស្រា វាយប្រពន្ធ ដោយប្រពន្ធកំពុងមានជំងឺបេះដូងប្រចាំកាយ។
បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងនគរបាលបានចុះដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យយកមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់។ ចំណែកសពស្ត្រីជាប្រពន្ធ ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕