កណ្តាល៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការរដ្ឋានខេត្តកណ្តាលនៅថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១១ និង៤៨នាទីនេះ លោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែនការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាលបានដឹកនាំកម្លាំងជំនាញនិងបានសហការជាមួយកម្លាំងនាយកដ្ឋានសុភាពសត្វនិងផលលិតកម្មសត្វ កម្លាំងសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួត ប្រជែងនិងបង្ក្រាបការក្លែងបន្លំ (កបប) ខេត្តកណ្ដាល ដោយមានសម្របសម្រួលនីតិវិធីដោយ លោក លាវស្រេង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ចុះបើកប្រតិបត្តិការដ៏ក្ដៅគគុកឈានដល់ការឃាត់រថយន្តមួយគ្រឿងដឹកសាច់គោនិងសាច់ក្របីនាំចូលមកពីប្រទេសវៀតណាមគ្មានច្បាប់អនុញ្ញាត ម៉ាក SSANGYONG ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2H-3680 នៅចំណុច ផ្លូវជាតិលេខ៣ ភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
បើយោងតាមលោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែនការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាលបានឲ្យបណ្ដាញព័ត៌មាន The Mirror News ដឹងនៅថ្ងៃនេះថា អ្នកតំណាងម្ចាស់ទំនិញមានឈ្មោះ ឌុក ភក្តី ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។ អ្នកបើកបរមានឈ្មោះ ឈូក ដា ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិចំបក់ទឹម ឃុំគិរីចុងកោះ ស្រុកគីរីវង់ ខេត្តតាកែវ។ លោកឧត្តមសេនីយ៍ត្រីបានបន្តថា កម្លាំងជំនាញបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖១-រថយន្តមួយគ្រឿងម៉ាកSSANGYONGពណ៌សពាក់ស្លាកលេខភ្នំពេញ2H-3680។, ២-សាច់គោ ម៉ាកAL-AMMAR ដាក់ប្រអប់ ក្រដាសពណ៌លឿង ចំនួន 75 ប្រអប់ ក្នុងមួយប្រអប់ចំនួន 20 គីឡូក្រាម ស្មើនឹង1500 kg។និង៣-សាច់ក្របី ម៉ាក BLACK GOLD ប្រអប់ក្រដាសពណ៌សចំនួន75 ប្រអប់ ក្នុងមួយប្រអប់ចំនួន 20 kg ថ្មើរនឹង 1500 KG។ ដោយសរុបសាច់គោនិងសាច់ក្របី ចំនួន150 ប្រអប់ស្មើនឹង ៣០០០Kg។
លោកឧត្តមសេនីយ៍ លី សុជាតិ បានបន្តទៀតថា បន្ទាប់ពីក្រុមការងារបានត្រួតពិនិត្យរួចរាល់ លោកព្រះរាជអាជ្ញា បានសម្រេចឲ្យក្រុមការងារ រក្សាទុកវត្ថុតាងខាងលើនៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបណ្ដោះអាសន្ន ហើយខាងមន្ត្រីនាយកដ្ឋានសុខភាពសត្វបានដកយកសំណាកសាច់គោនិងសាច់ក្របីចំនួនពីរកេះស្មើរ៤០គីឡូយកទៅធ្វើវិភាគរកមេរោគនិងសារធាតុផ្សេងៗ និងមន្រ្តីសាខា (កបប) យកសំណាកសាច់គោនិងសាច់ក្របីចំនួនពីរកេះស្មើ៤០គីឡូ ទៅពិនិត្យវិភាគរកសារធាតុគីមីហាមឃាត់ដើម្បីបន្តរនិតិវិធី។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ត្រីស្នងការរងបានប្រាប់ឲ្យដឹងទៀតថា ក្រោយទទួលបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលឲ្យយកតៃកុងរថយន្តទាំង២នាក់ដើម្បីឲ្យកម្លាំងជំនាញផ្នែកគ្រឿងញៀនរបស់ស្នងការដ្ឋានធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផល អ្នកទាំង២នាក់ពិតជាមានសារធាតុញៀនពិតប្រាកដមែន។
បើតាមការឆ្លើយបំភ្លឺពីអ្នកបើកបរនិងអ្នករួមដំណើរដែលជាម្ចាស់សាច់គោនិងសាច់ក្របីបានឲ្យដឹងថា ទំនិញល្មើសច្បាប់ខាងលើនេះគឺបាននាំចូលតាមច្រកភ្នំដិន។
សូមបញ្ជាក់ជូនថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះ គឺយោងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដែលលោកបានប្ដេជ្ញាយ៉ាងមុតមាំក្នុងបង្ក្រាបរាល់បទល្មើសផ្សេងៗក្នុងមូលដ្ឋានខេត្តកណ្ដាលឲ្យដូចភ្លៀងរលឹមដោយពុំមានការលើកលែងឡើយ ដោយធ្វើយ៉ាងណាគឺត្រូវចូលរួមយ៉ាងសកម្មក្នុងការថែរក្សាការពារឲ្យខាងតែបាននូវសន្តិសុខ សុវត្ថិភាព សន្តិភាពជូនប្រជាពលរដ្ឋនិងសង្គមជាតិ៕