ព្រះសីហនុ៖ តាមសេចក្តីរាយការណ៍ឲ្យដឹងថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២១ នេះ ដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការ កម្លាំងសមត្ថកិច្ច មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះសហការជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងរាជធានីភ្នំពេញ បើកប្រតិបត្តិការ បង្ក្រាបករណីកែច្នៃគ្រឿងញៀន ទ្រង់ទ្រាយធំមិនធ្លាប់មាន ស្ថិតនៅក្នុងរោងចក្រផលិតដំណាប់ស្វាយមួយកន្លែងស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ការបង្ក្រាបនេះ បង្កឲ្យមានការប៉ះទង្គិចគ្នារហូតឈានដល់ផ្ទុះអាវុធនៅ ផ្លូវជាតិលេខ៤ បណ្តាលឲ្យជនជាតិចិនម្នាក់បានស្លាប់ ខណៈក្រុមឈ្មួញកំពុងដឹកគ្រឿងញៀនជាច្រើនឆ្ពោះទៅកាន់ ខេត្តព្រះសីហនុ។
ប្រភពព័ត៌មានមិនទាន់ផ្លូវការមុននេះបន្តិចបានឲ្យដឹងថា ជនជាតិចិនដែលបានស្លាប់នោះ គឺជាក្រុមឧក្រិដ្ឋជនដែលបានបាញ់ប្រហារមកលើសមត្ថកិច្ចនៅត្រង់ចំណុចលើផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់សិលា ខេត្តព្រះសីហនុ ហើយក៏ត្រូវសមត្ថកិច្ចបាញ់ទប់ទល់វិញបណ្តាលឲ្យឧក្រិដ្ឋជនដែលគេសង្ស័យថា ជាជនជាតិចិនម្នាក់ត្រូវគ្រាប់ស្លាប់នៅនឹងកន្លែង និងម្នាក់ត្រូវចាប់ខ្លួន ជាមួយរថយន្ត១គ្រឿង។
ក្នុងករណីបង្ក្រាបនោះ សមត្ថកិច្ចបានរឹបអូសគ្រឿងញៀន ប្រមាណ១.៤០០ គីឡូក្រាម ដែលឧក្រិដ្ឋជនបានផលិតនៅក្នុងរោងចក្រផលិត ដំណាប់ស្វាយនោះ៕