រាជធានីភ្នំពេញ ៖ នាយប់ថ្ងៃសែនចិន បុរសម្នាក់ក្រោយផឹកស៊ីស្រវឹង ក៏បានបបួលស្ត្រីជិតខាងម្នាក់មកផឹកស៊ីជាមួយខ្លួន តែត្រូវបានស្ត្រីនោះបដិសេធ ធ្វើអោយជនសង្ស័យខឹងបានយកដុំថ្មគប់លើស្ត្រីម្នាក់នោះបណ្តាលឲ្យរងរបួសថ្ពាល់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនយកមកសួរនាំ ហេតុការណ៍បង្កហឹង្សាដោយចេតនា ប្រើដុំថ្មគប់ទៅលើជនរងគ្រោះនេះ កើតឡើងនៅវេលាម៉ោង២២:១៥នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២២ ចំណុចផ្លូវបេតុង ក្រុមទី៦ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
បើយោងតាមលោក ហ៊ាង ថារ៉េត អធិការខណ្ឌ បានអោយដឹងថា : ជនរងគ្រោះឈ្មោះ យោម ចាន់ធឿន ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុមទី៦ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ6 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (រងរបួសឆ្អឹងថ្ពាល់ខាងឆ្វេង)។
ចំណែកជនបង្កមានឈ្មោះប៊ុន សុភា ហៅខ្នុយ ភេទប្រុស ជនជាតិខ្មែរ អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុមទី១ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន)។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា : នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២២:១០នាទី ជនបង្កឈ្មោះ ប៊ុន សុភា បានផឹកនៅផ្ទះរបស់ខ្លួន រួចបានដើរទៅផ្ទះជនរងគ្រោះឈ្មោះ យោម ចាន់ធឿន ដើម្បីបបួលគ្នាផឹកស៊ី តែជនរងគ្រោះមិនព្រមផឹកស៊ីជាមួយ និងបានដេញចេញពីផ្ទះខ្លួន លុះដល់វេលាម៉ោង២២ និង១៥នាទី ថ្ងៃខែឆ្នាំដដែល ក៏កើតជារឿងទំនាស់ពាក្យសំដីគ្នា ហើយជនសង្ស័យបានយកដុំថ្ម គប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសផ្ទៃមុខខាងឆ្វេង ក្រោយពីទទួលបណ្តឹងជនរងគ្រោះកម្លាំងសមត្ថកិច្ចយើង ឃាត់បានជនសង្ស័យភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
បច្ចុប្បន្នជនសង្ស័យចិត្តហានខ្លាខាងលើនេះត្រូវសមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនតាមនិតិវិធី ៕