ភ្នំពេញ៖ ស្នូរគ្រាប់កាំភ្លើងជាច្រើនគ្រាប់បានបន្លឺឡើងនៅលើ វេហាស៍ដោយខ្មាញកាំភ្លើងមួយក្រុមមានគ្នាជាច្រើននាក់បានធ្វើសកម្មភាពបាញ់ចំនួន៧គ្រាប់បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ ហេតុការណ៍ផ្ទុះអាវុធបាញ់បោះសេរីនេះបានកេីតឡេីងកាលពីវេលាម៉ោង២៣និង១៥នាទីយប់ ថ្ងៃសុក្រទី១៤ ខែមករា ឆ្នាំ២០២២ នៅចំណុចផ្លូវបេតុង (ចូលវត្តសន្សំកុសល) ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ ជនសង្ស័យមួយក្រុមមានគ្នាជាច្រើននាក់ បានជិះរថយន្តមួយគ្រឿងម៉ាកព្រូស (មិនចាំផ្លាកលេខ និងម៉ូតូជាច្រើនគ្រឿង) ធ្វើដំណើរមកដល់ចំណុចកើតហេតុ មិនដឹងមូលហេតុអ្វី ឬមានការខខឹងសម្បាររឿងអ្វីឲ្យប្រាកដ ក៏ជនសង្ស័យភាគីខាងជិះម៉ូតូ បានដកកាំភ្លើងខ្លីពីចង្កេះបាញ់ឡើងលើវេហាស៍ចំនួន៧គ្រាប់ផ្ទួនៗគ្នា រួចមក ពួកគេបានបើករថយន្ត និងម៉ូតូចាកចេញពីកន្លែងកើតហេតុបាត់ស្រមោលសូន្យតែម្តង។ ភ្លាមៗបន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌមានជ័យ ដែលល្បាតពួនស្ទាក់បានប្រទះឃើញរថយន្តក្រុមជនសង្ស័យក៏បានដេញប្រថាប់ចាប់ប្រថីង រហូតដល់ចំណុចវត្តដំបូកខ្ពស់ ស្រាប់តែបាត់ដានសូន្យតែម្តងទៅ បណ្តាលឲ្យក្រុមជនសង្ស័យទាំងអស់ អាចរត់គេចខ្លួនបានទៅដោយសុវត្ថិភាព ។
យ៉ាងណាមិញ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន រួមទាំងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះអន្តគមន៍ដល់ទីតាំងកើតហេតុ (ចំណុចផ្ទុះអាវុធ) ធ្វេីការត្រួតពិនិត្យរកឃេីញសម្បកគ្រាប់កាំភ្លើងដែលបាញ់រួចបានចំនួន៤គ្រាប់ ក្នុងចំនួន៧គ្រាប់យកទៅរក្សាទុកធ្វេីកំណត់ហេតុ រាយការណ៍ជូនថ្នាក់លេីតែប៉ុណ្ណោះ ។
សូមបញ្ជាក់ថា ជុំវិញករណីនេះសំណាងណាស់ហើយ ដែលខ្មាន់កាំភ្លើងបាញ់ឡើងតែទៅលើមេឃ ប្រសិនបើជនល្មើសមានការគុំគួន ឬស្អប់នរណាម្នាក់នោះ មិនដឹងថាមានមនុស្សប៉ុន្មាននាក់ ត្រូវរងរបួសនោះទេ? ទោះបីជាយ៉ាងណា មហាជននៅរងចាំមើលថាតើ លោកអធិការទើបតែឡើងកាន់តំណែងថ្មីថ្មោង មិនទាន់ដល់១ខែស្រួលបួលផងនោះ អាចមានសមត្ថភាពក្នុងការស្រាវជ្រាវតាមចាប់ខ្លួនក្រុមជនសង្ស័យ ដែលព្រហើនបាញ់ទាំងកណ្តាលរាជធានីភ្នំពេញបានដែរ ឬទេ ? ៕