ភ្នំពេញ : កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដឹកនាំដោយលោកវរសេនីយ៍ទោ រុឹម មិច នាយការិយាល័យប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ដបាត់ដំបងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនដែលផ្ញើរតាមក្រុមហ៊ុនដឹកជញ្ជូនវិរៈប៊ុនថាំ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបន្ដស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត និងឆែកឆេរផ្ទះរបស់ជនសង្ស័យរកឃើញគ្រាប់អាវុធវែងចំនួន៧គ្រាប់បន្ថែមទៀត។
ជនសង្ស័យឃាត់ខ្លួនរួមមាន៖១-ឈ្មោះ ជា សុវណ្ណបញ្ចកា ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរតាមអនឡាញ ជាអ្នកមកទទួលគ្រឿងញៀន ផ្ញើរពីភ្នំពេញទៅខេត្ដបាត់ដំបង។និង២- ឈ្មោះ ម៉ម សាវី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ជាម្ចាស់គ្រឿងញៀន ដែលផ្ញើរពីភ្នំពេញទៅខេត្ដបាត់ដំបង និងក្រុងប៉ោយប៉ែត។
វត្ថុតាងចាប់យករួមមាន៖ក្រាមពណ៌ស ចំនួន០៤កញ្ចប់ធំល្មម, ម្សៅម៉ត់ពណ៌ស ចំនួន០២កញ្ចប់តូច, ថ្នាំគ្រាប់ពណ៌ផ្កាឈូក ចំនួន២៥០គ្រាប់, ថ្នាំគ្រាប់ពណ៌បៃតង ចំនួន២០០គ្រាប់, ទូរស័ព្ទចំនួន០២គ្រឿង។
គួរជម្រាបថា ជនសង្ស័យខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់រួចរាល់ហើយ៕