អ្នកឧកញ៉ាសុខ គង់ប្រធានក្រុមហ៊ុនសុខាអូតែលបានមានប្រសាសន៍ប្រាប់ BMK hot news ឲ្យដឹងថា : សណ្ឋាគារសុខា និងដីនៅតំបន់ជ្រោយចង្វារទំហំ ១៣ហិកតា នឹងត្រូវលក់ក្នុងតម្លៃ ១៥០០លានដុល្លារអាមេរិក ។
អ្នកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងទៀតថា : លោកមានបំណងលក់ដី និងសណ្ឋាគារនេះ ក្នុងតម្លៃខាងលើ ដើម្បីយកទុនវិនិយោគសាងសង់គំរោងនានានៅទីក្រុងបូកគោ ស្ថិតក្នុងខេត្តកំពត ដែលទីក្រុងនេះនឹងត្រូវអភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃ និងជាការអភិវឌ្ឍន៍មួយ ដើម្បីជំរុញការរីកចម្រើនក្នុងខេត្តកំពត និងដើម្បីដោះស្រាយបំណុលរបស់ក្រុមហ៊ុនផងដែរ។
អ្នកឧកញ៉ាបានមានប្រសាសន៍ថា កន្លងមកមានអ្នកឲ្យតម្លៃដីនេះ ក្នុងតម្លៃ ៩០០លានដុល្លារអាមេរិក”។ អ្នកឧកញ៉ាបានបន្តថា “ខ្ញុំចាស់ហើយ គ្មានអ្វីចង់បានទទៀតទេ តែចង់បន្សល់ស្នាដៃទុកជូនអ្នកជំនាន់ក្រោយ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាល”។
អ្នកឧកញ៉ាបានបន្តថា ដីនៅទីតាំងតំបន់ជ្រោយចង្វារនេះ ជាដីដែលល្អបំផុត និងមានតែមួយនៅទីក្រុងភ្នំពេញ ដែលមានទីតាំងល្អណាស់ ធៀបនឹងតំបន់ដទៃទៀត។ ហេតុនេះការដាក់លក់ដីនៅទីនេះ ដែលដីសណ្ឋាគារមានទំហំ ៥ហិកតា និងដីនៅសល់ ៨ហិកតាទៀត នឹងត្រូវដាក់លក់ក្នុងតម្លៃ ១៥០០លានដុល្លារអាមេរិក៕
ប្រភព: Property Area Asia