បុរសជាតៃកុងរថយន្ត កុងតឺន័រម្នាក់ ត្រូវបានទូកុងតឺន័រគាបបណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗ ខណៈចូលទៅរុញទូកុងតឺន័រដែលស្ទូចលើកដាក់លើរថយន្ត។
បើតាមអ្នកឃើញហេតុការបានឲ្យដឹងថា ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ នៅក្នុងទីធ្លាច្រកទ្វាព្រំដែនអន្តរជាតិព្រៃវ័ល្ល៍ ស្ថិតនៅភូមិព្រៃវ័ល្ល៍ឃុំថ្មីស្រុកកំពង់រោទ៌។
ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ឈ្មោះ ចូច បើករថយន្តម៉ាកហ្វុយសូ(FUSO) ពាក់ស្លាកលេខកំពង់ធំ 3A -1421 ពណ៌ស សណ្តោងរ៉ឺម៉ក ទៅកន្លែងកើតហេតុ ដើម្បីដឹកទ្រុងកុងតឺន័រ បន្ទាប់មកមានរថយន្តស្ទូច១គ្រឿងរបស់ក្រុមហ៊ុនតេងឡាយបានស្ទូចទូកុងតឺន័រដាក់លើរថយន្ត ខណៈនោះជនរងគ្រោះឃើញដាក់មិនចំ ចូលគន្លឹះរ៉ឺម៉កក៏ចុះទៅរុញទូកុងតឺន័រដើម្បីឲ្យចំគន្លឹះស្រាប់តែទូកុងតឺន័រយោលបោកទៅលើជនរងគ្រោះបណ្តាលឲ្យគាបជាប់ក្បាលបណ្តាលឲ្យបែកក្បាលខ្ទេចមួយចំហៀងស្លាប់ភ្លាមៗតែម្តង។ បន្ទាប់មកអ្នកបើករថយន្តស្ទូចក៏រត់គេចខ្លួនបាត់ភ្លាមៗដែរ។
ប្រភពបន្តទៀតថារហូតដល់ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ទើបឃើញសមត្ថកិច្ចនៃអធិការដ្ឋាននគបាលស្រុកកំពង់រោទ៌ ចុះទៅកន្លែងកើតហេតុ ហើយដល់ម៉ោង៨និង៣០នាទីព្រឹក ទើបឃើញសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគបាលខេត្តដឹកនាំដោយព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ចុះទៅពិនិត្យធ្វើកោសល្យវិច្ច័យ បន្ទាប់មកក៏បានប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតឯខេត្តកំពត។
ជុំវិញករណីនេះ មិនអាចសុំការបំភ្លឺពីសមត្ថកិច្ចបានទេ ដូចជាមានការលាក់បាំងដោយសមត្ថកិច្ចដេញដោលដាក់គ្នា ហើយឲ្យសួរទៅក្រុមហ៊ុនផែស្ងួតតេងឡាយវិញ។
ដោយឡែកតំណាងក្រុមហ៊ុន តេងឡាយ ដែលមានទូរសព្ទ័លេខ ០១២ ៨៩០ ៥៣៨ បានឲ្យទាក់ទងទៅលេខទូរស័ព្ទលេខ០១២ ៦១៥ ៦៦៦ ប្រចាំការនៅច្រកទ្វាព្រំដែនអន្តរជាតិ ព្រៃវល្ល៍ បែរជាសួរវិញថា បានលេខទូរស័ព្ទខ្ញុំពីណា បន្ទាប់មកក៏បិទទូរសព្ទ័។
អ្វីដែលគួរឱ្យសោកស្តាយនោះ ត្រង់ថា លោកអធិការនៃអធិការនគបាលស្រុកកំពង់រោទ៌ បានបានឆ្លើយតាមទូរសព្ទ័លេខ ០៩៧ ៦៧៧ ៤៨០០ ឲ្យសួរទៅខាងមន្ត្រីជំនាញវិញ ដែលការឆ្លើយតបបែបនេះ ហាក់បីដូចជាមិនមានការទទួលខុសត្រូវក្នុងនាមជាអាជ្ញាធរមូលដ្ឋានទាល់តែសោះ៕