ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចុះនាំខ្លួនស្រ្តីអ្នកលក់ផលិតផលអនឡាញម្នាក់នៅចំណុចសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញបង្ករឲ្យមានការភ្ញាក់ផ្អើល។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីដែលត្រូវសមត្ថកិច្ចចាប់ខ្លួនឈ្មោះ សៅ លីឈីង អាយុ ២៩ឆ្នាំ រស់នៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលគេស្គាល់ថា ជាអ្នកលក់ផលិតផលអនឡាញ។
ប្រភពបន្តថា ករណីសមត្ថកិច្ចចុះឃាត់ខ្លួនស្ដ្រីរូបនេះ គឺបានធ្វើឡើងតាមដីការបស់លោក លាវ ស្រេង ប្រធានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលពាក់ព័ន្ធទៅនឹងការប្តឹងរបស់ដើមបណ្តឹង ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ជេរប្រមាថ និងបទញុះញង់ឱ្យមានការរើសអើង។ ដោយការឃាត់ខ្លួននេះធ្វើឡើងក្រោយពេលដែលស្រ្តីលក់ឡេខាងលើចាកចេញពីផ្ទះឡើងលើរថយន្ត បំណងចេញទៅក្រៅ ហើយក៏ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ចាប់ក្នុងរថយន្តតែម្តង។
តាមប្រភពអ្នកឃើញហេតុការណ៍បានឲ្យដឹងដែរថា បេសកកម្មចុះចាប់ឃាត់ខ្លួន ស្ត្រីលក់អនឡាញនេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏មិនងាយចាប់ឃាត់ខ្លួនដែរ ប៉ុន្តែសមត្ថកិច្ចនៅតែធ្វើការឃាត់ខ្លួនបានដដែល ទោះបីជាស្ត្រីម្នាក់ព្យាយាមប្រតាយប្រតប់យ៉ាងណាក្ដី។
បច្ចុប្បន្នស្រ្តីខាងលើត្រូវបានបញ្ជូនខ្លួនទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរនាំ បន្តនីតិវិធីនៅក្រសួងផងដែរ៕