ភ្នំពេញ ៖ ល្បែងស៊ីសងតាម Net មួយកន្លែង ដែលមានការចាក់ភ្នាល់សុីសងលុយធំៗ កំពុងបង្ករហានីភ័យ រីកដុះរាលដាលដូចផ្សិតខណៈអាជ្ញាធរមូលដ្ឋាន ដែលមានលោក ជា ពិសី មិនចុះធ្វើការបង្រ្កាបើទោះបីជាមានការរាយការណ៍ពីប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មានជាច្រើនអង្គភាពធ្វើការចុះផ្សាយក៏ដោយ ។
ជាក់ស្តែងល្បែងស៊ីសងមួយកន្លែង ដែលស្ថិតនៅលើដងផ្លូវ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក នៅកែងជាប់ស្តុបផ្សារដើមគរ កំពុងបើកដំណើរការលេងយ៉ាងរំភើយដោយគ្មានខ្វល់និងរំខានដល់អាជ្ញាធរ ។ ប្រជាពលរដ្ឋរស់ក្បែរម្តុំនោះ ពិតជាមានការភ័យខ្លាចដោយសារភាគច្រើនអ្នកលេងល្បែងទាំងនោះ ជាជនប្រើប្រាស់គ្រឿងញៀន ។
បើតាមប្រភពពីពលរដ្ឋរស់នៅម្តុំនោះ បានខ្សឹបប្រាប់អ្នកសារព័ត៌មានថា ៖ ទីតាំងបើកល្បែងនោះគឺបើកលេងទាំងយប់ទាំងថ្ងៃដោយគ្មានអាជ្ញាធរ ជាពិសេសគឺលោកអភិបាលខណ្ឌហ៊ានបង្រ្កាបនោះទេ បើទោះបីជាមានការរាយការណ៍ពីពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មានចុះផ្សព្វផ្សាយក៏ដោយ ។ បើដូច្នោះមែន..! តើឯណាទៅភូមិឃុំមានសុវត្តិភាព បើតាមប្រសាសន៍ឯកឧត្ដមឃួង ស្រេង អភិបាល នៃ គណៈអភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០២២ បានណែនាំឱ្យបង្ក្រាបល្បែងស៊ីសង និងគ្រឿងញៀនឱ្យអស់ពីមូលដ្ឋាន ។
បើយោងទៅតាមប្រសាសន៍របស់ សម្តេចក្រឡាហោម”ស ខេង” បានមានប្រសាសន៍ថា ក្នុងភូមិសាស្ត្រដែនដីខណ្ឌក្រុងទាំងអស់ ត្រូវតែបង្ក្រាបជាបន្ទាន់ចំពោះល្បែងស៊ីសង ។ ប៉ុន្តែ..! អ្វីដែលជាចម្ងល់គឺលោក ជា ពិសី អភិបាលខណ្ឌទួលគោកមិនបានបង្រ្កាបនោះទេ ។ ពលរដ្ឋដែលសុំមិនបញ្ចេញឈ្មោះ បន្តប្រាប់មកអង្គភាពសារព័ត៌មានបន្តែមថា ៖ បើសិនណាលោកអភិបាលខណ្ឌមិនមានការបង្រ្កាបរឺទប់ស្កាត់នោះទេ ពួកគាត់និងដាក់ពាក្យបណ្តឹងប្តឹងទៅសម្តេចក្រឡាហោម “ស ខេង” តែម្តង ៕