ខេត្តតាកែវ ៖ លោក ភួន ឈីម អភិបាលស្រុកបាទី មិនបានចាត់វិធានការណ៍ពិតប្រាកដ និងជាក់លាក់ដូចដែលលោកធ្លាប់បានសន្យានោះទេ ករណីគេលួចបោះបង្គោលថ្មវាតទីយកដីលិចទឹករបស់រដ្ឋ នៅចំណុចភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។
យុទ្ធនាការដកបង្គោលថ្មចេញពីដីលិចទឹករបស់រដ្ឋ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមការបញ្ជាពីលោកអភិបាលស្រុកបាទី ដឹកនាំផ្ទាល់ដោយលោក អ៊ុក សំបូរ មេឃុំត្នោត គ្រាន់តែជាការសម្តែងឲ្យមហាជនល្អមើល និងឡើងរបាយការណ៍ជាវិជ្ជមានទៅថ្នាក់លើតែប៉ុណ្ណោះ ខណៈទីតាំងដីលិចទឹករបស់រដ្ឋនៅចំណុចខាងលើ គិតមកដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅតែមានការទន្ទ្រានដដែល។
ទាំងនេះមហាជនមានចម្ងល់ថា តើជាកំហុសមេឃុំត្នោត មិនបានអនុវត្តតាមបញ្ជាចៅហ្វាយស្រុក ឬជាចេតនារបស់លោក ភួន ឈីម អភិបាលស្រុក ក្នុងការលាក់បាំង រក្សាជំហ៊រមិនអនុវត្តតាមវិធានការច្បាប់ទៅលើជនខិលខូច ព្រោះលោកបានទទួលលាភសក្ការៈទេដឹង ?។
ប្រជាពលរដ្ឋបានសំណូមពរទៅលោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ សូមមេត្តាពិនិត្យមើលករណីខាងលើនេះផង ដើម្បីរក្សាដីលិចទឹករបស់រដ្ឋនេះ ទុកជាប្រយោជន៍រួម។
សូមរំឮកថា កាលពីថ្ងៃទី១០ ខែកុម្ភៈ រដ្ឋបាលឃុំត្នោត បានដឹកនាំកម្លាំង មានទាំងលោកមេភូមិ និងប្រជាការពារភូមិរំចេក បានចុះដកបង្គោលថ្មដែលឈ្មួញបានដាំក្នុងដៃអូរ ជាដីរបស់រដ្ឋ បានចំនួន២៩ដើម យកមករក្សាទុកនៅសាលាឃុំត្នោត ដោយឡែកបង្គោលថ្មជាច្រើនដើមទៀតមិនត្រូវបានដកនោះទេ ក្រោមហេតុផលទុកដកនៅពេលទឹកស្រក ទាំងដែលបង្គោលថ្មទាំងនោះ មិនស្ថិតនៅក្នុងទឹកផង គឺនៅលើគោក ។
ករណីទាំងអស់នេះ មហាជនសង្ស័យបានទទួលលាភសក្ការៈពីស្ត្រីអ្នកមាន២នាក់ ដែលជាម្ចាស់បង្គោលទេដឹង? ។