កណ្តាល៖ ប្រជាពលរដ្ឋបានឲ្យដឹងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ដីបឹងរបស់រដ្ឋមួយកន្លែងព្រមទាំងទួលបូរាណនិងប្រឡាយបង្ហូរទឹក ត្រូវបានឈ្មួញឈរឈ្មោះដោយក្រុមហ៊ុនមួយមានឈ្មោះថា “ឡាយ ហៀង” ឃុបឃិតគ្នាជាមួយអាជ្ញាធរមូលដ្ឋាន លេបត្របាក់យកបាត់ខ្ទេចគ្មានសល់ ក្រោមហេតុផលឈូសឆាយព័ទ្ធយកដើម្បីធ្វើជាសម្បត្តិឯកជន។
ជុំវិញរឿងរ៉ាវនេះដែរ ស្ថិតនៅភូមិខ្លាត្រាំ ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាលតាមបណ្តោយផ្លូវជាតិលេខ៥ ប្រមាណ២គីឡូពីស្ពានព្រែកក្តាម ។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនឈ្មោះ ឡាយ ហៀង នៅតែបន្តសកម្មភាពឈូសឆាយលុបផ្ទៃបឹងនិងទួលបូរាណព្រមទាំងប្រឡាយទឹករបស់រដ្ឋ ដោយគ្រាន់តែមានលិខិតស្នើរសុំទៅស្រុក ក្រោមលេសហេតុផលឈូសឆាយពង្រាបដីរបស់ខ្លួនឯង។
បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិឃុំខាងលើនេះតាំងពីដើមមកនិយាយថា ៖ បឹងខ្លាត្រាំនិងទីទួលបូរាណព្រមទាំងប្រឡាយបង្ហូរទឹកនេះ គឺជាសម្បត្តិរដ្ឋដែលមានតួនាទីសំខាន់សម្រាប់រំដោះទឹកជន ចេញពីតំបន់ផ្សេងៗ ។ ប៉ុន្តែ..រហូតមកដល់ពេលនេះ សកម្មភាពរបស់ក្រុមហ៊ុននៅតែបន្តឈូសឆាយយកដោយអាជ្ញាធរពាក់ព័ន្ធ មិនធ្វើការបង្ក្រាបរឺទប់ស្កាត់នោះឡើយ។
ប្រភពពីប្រជាពលរដ្ឋដដែលបន្តថា នៅក្នុងភូមិមានប្រជាពលរដ្ឋប្រមាណ១៤០គ្រួសារ មិនសប្បាយជាមួយអាជ្ញាធរនិងក្រុមហ៊ុនទេ។ ពួកគាត់សំណូមពរដល់ឯកឧត្តមអភិបាលខេត្ត គង់ សោភ័ណ្ឌ មេត្តាចុះត្រួតពិនិត្យមើលដីបឹងប្រឡាយរបស់រដ្ឋមួយកន្លែងនេះផង បើមិនដូច្នោះទេ គេយកធ្វើជាកម្មសិទ្ធិអស់ហើយ៕