(សេអ៊ូល) : ថ្លែងនៅចំពោះមុខសមាជិកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ មកពី១៥៧ប្រទេស ក្នុងនាមជាសហប្រធាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា «ជាងពាក់កណ្តាលជីវិតរបស់ខ្ញុំនេះ ដំណើរការចរចារគឺជាជម្រើសដ៏ល្អបំផុត ខ្ញុំមិនដែលជឿទេថា ប្រើប្រាស់សង្គ្រាមដើម្បីបញ្ចប់សង្គ្រាម»។ ការថ្លែងនេះបានធ្វើឡើងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ក្រោមប្រធានបទ ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
សម្តេចតេជោបានបន្តថា «ប្រទេសរបស់ខ្ញុំហែកហួរដោយសារសង្គ្រាម យើងបានប្រើប្រាស់ការចរចារ ៤ឆ្នាំដើម្បីបញ្ចប់សង្គ្រាមនេះ ប៉ុន្តែប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ អ្វីដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសចង់បាន តែអ៊ុនតាក់ (UNTAC) មិនអាចសម្រេចបាន គឺការដែលអ៊ុនតាក់ដកត្រឡប់ទៅវិញបន្សល់ទុកឱ្យកម្ពុជាមានតំបន់២ និងរដ្ឋាភិបាល២នៅកម្ពុជា យើងខ្ញុំគ្មានជម្រើសអ្វីក្រៅពីការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដើម្បីនាំមកនូវសន្តិភាព កម្ពុជាបានបញ្ចប់សង្គ្រាមទាំងស្រុងក្នុងរយៈពេលជាង ២០ឆ្នាំរួចស្រេចទៅហើយ ហើយដែលមុននេះប្រវត្តិសាស្ត្ររបស់យើងបានបញ្ជាក់ថា ប្រមាណ៥០០ឆ្នាំ ដែលកម្ពុជាមានការហែកហួរ និងបែងចែកទឹកដី នេះជាបទពិសោធន៍មួយដែលកម្ពុជាបានរកដោយខ្លួនឯងដោយមានជំនួយឧបត្ថម្ភគាំទ្រពីសហគមន៍អន្តរជាតិ»។
សម្តេចតេជោក៏បានចែករំលែកនូវ នយោបាយឈ្នះ-ឈ្នះនៅកម្ពុជា ដែលសម្តេចចាត់ទុកថាវាអាចជាការលើកទឹកចិត្ត និងប្រភពនៃការស្រាវជ្រាវសម្រាប់ប្រទេសនានា ដោយមិនអាចប្រើសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមនោះទេ តែចាំបាច់បំផុតត្រូវការកិច្ចសន្ទនាដោយសន្តិវិធី និងការចរចារឈ្នះ-ឈ្នះដើម្បីបញ្ចប់សង្គ្រាម។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ នាវេលាម៉ោង ៨:៣០នាទី៕