មណ្ឌលគិរី៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់ឯកឧត្តម នាយឧត្តមសេនីយ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរីនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៨:០០នាទី កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ បានស្រាវជ្រាវស៊េីបអង្គេតករណីឃាតកម្ម សម្លាប់មនុស្សចំនួន ០៥នាក់ និងរបួសធ្ងន់ ០១នាក់ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១១:៣០ នាទី នៅចំណុចស្រែចោទ ស្ថិតក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៦ នាក់ក្នុងនោះ ជនដៃដល់ចំនួន ០៤នាក់ និងអ្នកបញ្ជាញុះញង់អោយសម្លាប់ចំនួន ០២នាក់ រួមមាន៖
១-ធី ម្ពៀត ហៅព្សឹត ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិព្នង អ្នកផ្តេីមគំនិត
២-រឹម ធា ភេទប្រុស អាយុ ២៧ ឆ្នាំជនជាតិ ខ្មែរ (សហចារី)
៣-នឹម ខ្លាខឹន ភេទប្រុស អាយុ១៨ ឆ្នាំជនជាតិខ្មែរ (សហចារី)
៤-ធី ព្យឹតភេទប្រុស អាយុ១៤ ឆ្នាំ ជនជាតិព្នង (សហចារី)
៥-ក្លឹង ចន្ធី ភេទប្រុស អាយុ៤០ ឆ្នាំ
ជនជាតិ ព្នង (បញ្ជាអោយសម្លាប់)
៦-នួន វណ្ណា ភេទប្រុស អាយុ៥៤ ឆ្នាំ ជនជាតិខ្មែរ (បញ្ជាឲ្យសម្លាប់)។
ជនសង្ស័យទាំង ០៦នាក់ ស្នាក់នៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ជនសង្ស័យបានឆ្លេីយសារភាពថា មូលហេតុដែលសម្លាប់ជនរងគ្រោះទាំង០៥នាក់ និងរងរបួស០១នាក់ ដោយសាគំនុំចោទប្រកាន់គ្រួសារជនរងគ្រោះជា អាបធ្មប់ ។
បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ ត្រូវបានឃាត់ខ្លួនដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕