ភ្នំពេញ៖លោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ បានចេញដីកាឃុំខ្លួនលោកឧត្តមសេនីយ៍ឯក ឌួង ងៀប អគ្គលេខាធិការរងនៃក្រសួងមហាផ្ទៃ ដាក់ពន្ធនាគាររាជធានីភ្នំពេញ ឬ PJ ក្រោមការចោទប្រកាន់ពីបទឆបោក និង មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ឬ យើងហៅសាមញ្ញថាការចេញសែកគ្មានសាច់ប្រាក់ ជាង៧លានដុល្លារ ទៅឲ្យជនជាតិតៃវ៉ាន់ ។
នេះបើយោងតាមប្រភពព័ត៌មានច្បាស់ការណ៍មួយ ដែល BMK Hot News ទើបតែទទួលបាន ។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក ឌួង ងៀប ទើបត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ នៅមុខសណ្ឋាគារ ដឹគ្រី តាមផ្លូវ ឌួង ងៀប ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ តាមដីការបស់តុលាការ ។ បន្ទាប់មក សមត្ថកិច្ចបានបញ្ជូនលោក ឌួង ងៀប មកតុលាការ ហើយតុលាការសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតែម្ដង ។