ភ្នំពេញ៖ នៅទីបំផុត, អ្នកនាំពាក្យស្នងការដ្ឋានរាជធានីភ្នំពេញ លោក សាន សុខសីហា បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មានឲ្យដឹងថា ពេលនេះព្រះរាជអាជ្ញារងទទួលបន្ទុកខណ្ឌទួលគោក និងសមត្ថកិច្ច កំពុងស្រាវជ្រាវ និងបន្តនីតិវិធីចំពោះករណីព្រះរាជអាជ្ញារង ម៉ុត ដារ៉ា ក្រោយទទួលពាក្យបណ្តឹងពីភរិយារបស់គាត់ដែលជាជនរងគ្រោះ។
លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញត្រូវបានប្រពន្ធរបស់លោកចោទប្រកាន់ថា បានយកកាំភ្លើងភ្ជង់គំរាមបាញ់ និងប្រើហិង្សាលើរូបគាត់ និងឈ្នួលបម្រើក្នុងផ្ទះបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចចុះទៅអន្តរាគមន៍។
ហេតុការណ៍ដែលបង្កឲ្យមានការភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវ១៥០ ផ្ទះ៨៩ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើនេះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅជួយអន្តរាគមន៍ដោយសុំឲ្យស្រ្តីជាប្រពន្ធ ធ្វើដំណើរទៅកាន់ទៅប៉ុស្តិ៍រដ្ឋបាលដើម្បីដាក់ពាក្យបណ្តឹង។
បើតាមស្រ្តីជាប្រពន្ធឈ្មោះ ហេង មួយគា និងម្តាយក្មេក បានប្រាប់ថា ឈ្មោះ ម៉ុត ដារ៉ា តែងតែប្រើហិង្សាមកលើគាត់ជាប្រពន្ធ ជាច្រើនលើកច្រើនសាររហូតស្រ្តីជាប្រពន្ធទ្រាំលែងបាន ទើបឈ្លោះគ្នាកាន់តែខ្លាំងនៅពេលនេះតែម្តង។ ជាមួយគ្នានេះស្រ្តីជាប្រពន្ធ បានទទូចដល់សមត្ថកិច្ច ចាត់វិធានការតាមច្បាប់ចំពោះប្តីរបស់ខ្លួនដែលមានតួនាទីជាព្រះរាជអាជ្ញារងអមសាលាដំបូងរូបនេះផង៕