ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ បានសម្រេចដោះលែងជនត្រូវចោទម្នាក់ពាក់ព័ន្ធករណីឆបោកប្រាក់ ១០ម៉ឺនដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញ។
ជនត្រូវចោទមានឈ្មោះ មួង ចាន់ថុល ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរប្រធានក្រុមហ៊ុន YELLOW DIAMOND មានទីលំនៅបុរីរុងរឿង ផ្ទះលេខ៦៦B ផ្លូវB សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រម កេត សុជាតិ ក្រោមបទចោទ ឆបោក។
សមត្ថកិច្ច បានឃាត់ខ្លួនជនត្រូវចោទឈ្មោះ មួង ចាន់ថុល កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ រួចបញ្ជូនខ្លួនទៅតុលាការក្រុងភ្នំពេញ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ហើយត្រូវលោកចៅក្រមសម្រេចដោះលែងនៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ។
ជនត្រូវចោទឈ្មោះ មួង ចាន់ថុល ត្រូវបានជនរងគ្រោះជាអាជីវកររកស៊ីលក់ខ្សាច់ប្ដឹងពីបទ ឆបោកប្រាក់ប្រមាណ ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុងករណីលក់អាជ្ញាប័ណ្ណខ្សាច់ខ្យល់ឱ្យទៅជនរងគ្រោះ នៅក្នុងខេត្តកណ្ដាល កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដោយឈ្មោះ មួង ចាន់ថុល សន្យាថា នឹងប្រគល់អាជ្ញាប័ណ្ណខ្សាច់ឱ្យទៅជនរងគ្រោះ និងឱ្យជនរងគ្រោះរកជួលទីតាំងដើម្បីស្តុកខ្សាច់ ប៉ុន្តែក្រោយជនរងគ្រោះប្រគល់លុយ ១០ម៉ឺនដុល្លារទៅឱ្យជនត្រូវចោទ រួចហើយ គឺមិនបានទទួលអាជ្ញាប័ណ្ណខ្សាច់ និងខាតបង់ទាំងថ្លៃជួលទីតាំងថែមទៀតផង។
ដោយសារតែជនត្រូវចោទឈ្មោះ មួង ចាន់ថុល មិនព្រមប្រគល់អាជ្ញាប័ណ្ណខ្សាច់ឱ្យជនរងគ្រោះ និងគេចវេសមិនទទួលខុសត្រូវ ទើបជនរងគ្រោះសម្រេចដាក់ពាក្យប្ដឹងទៅកាន់តុលាការ រហូតមានការចាប់ខ្លួនជនត្រូវចោទ៕