ភ្នំពេញ៖ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញដ៏មានប្រជាប្រិយភាព បន្ទាប់ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញជឿជាក់ទុកចិត្តប្រគល់ភារកិច្ចថ្មីមួយទៀត ឲ្យទៅសិក្សា ឈ្វេងយល់ សម្របសម្រួល និងដោះស្រាយឲ្យចប់នោះ ខណៈនេះ លោកបានបញ្ជាក់ថា បានបញ្ចប់ជាស្ថាពរហើយ។
បើយោងតាមលោក ម៉េត មាសភក្ដី បានឲ្យដឹងថា បន្ទាប់ពីទទួលបានការចាត់តាំងពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្រុមការងារបានប្រជុំសិក្សាជាបន្ទាន់ គិតគូររកដំណោះស្រាយដើម្បីបើកផ្លូវសាធារណៈមួយខ្សែជាប់របងមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ ដែលជាច្រើនឆ្នាំមកហើយ ត្រូវបានប្រើប្រាស់ជាកន្លែងតាំងទីលំនៅរបស់ប្រជាពលរដ្ឋសហគមន៍៧ ជាង ៥០ខ្នង ស្ថិតនៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
លោកបានបញ្ជាក់ថា រយៈពេល៨ថ្ងៃគត់ ចាប់ពីដំណាក់កាលសិក្សាស្ថានភាពនៃការរស់នៅ ជ្រើសរើសទីតាំងត្រូវផ្តល់គោលនយោបាយ ប្រជុំពិភាក្សាចរចា ឯកភាពបឋមនិងនាំទៅមើលទីតាំងថ្មីផ្ទាល់ភ្នែក ពន្យល់ហើយពន្យល់ទៀតជាច្រើនលើកច្រើនសារទាល់តែយល់ ចុងក្រោយឯកភាពនិងធ្វើពិធីចាប់ឆ្នោតយកទីតាំងដីលំនៅដ្ឋានដើម្បីមានតម្លាភាព ទើបឈានដល់ការស្ម័គ្រចិត្តរុះរើនិងជួយដឹកជញ្ជូន។
លោកបានគូសបញ្ជាក់ថា កម្មសិទ្ធិកាន់កាប់ស្របច្បាប់មួយសន្លឹកដែលជាទ្រព្យគាប់ចិន្តា ត្រូវបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដែលជាកាដូដ៏មានតម្លៃ ថ្នូរនៃការយល់ដឹង និងស្ម័គ្រចិត្តចាកចេញពីការរស់នៅមិនស្របច្បាប់លើផ្លូវថ្នល់ គ្មានសុវត្ថិភាពពិសេសប្រសិនបើមានអគ្គីភ័យកើតឡើង គ្មានសណ្តាប់ធ្នាប់ របៀបរៀបរយ គ្មានផាសុភាព និងអនាម័យ ប៉ុន្តែបានបើកផ្លូវដើម្បីធ្វើចរាចរណ៍ជាសាធារណៈឡើងវិញ។
ជាថ្មីម្ដងទៀត លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅឯកឧត្ដមអភិបាលរាជធានីភ្នំពេញដែលបានផ្តល់ឱកាសឱ្យខ្ញុំបានចូលរួមដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋព្រមទាំងបន្តផ្តល់អនុសាសន៍ជាយុទ្ធសាស្ត្រគ្រប់ពេលវេលា អរគុណដល់ក្រុមការងារភូមិ សង្កាត់ ខណ្ឌ រាជធានីពាក់ព័ន្ធទាំងអស់ដែលបានខិតខំនិងសហការគ្នាយ៉ាងល្អ ពិសេសអរគុណដល់បងប្អូនសហគមន៍៧ ដែលបានយល់ស្របតាមការពន្យល់ណែនាំ និងយល់ព្រមទទួលយកការដោះស្រាយ ដោយស្ម័គ្រចិត្ត។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញដ៏មានប្រជាប្រិយភាពរូបនេះបានលើកឡើងយ៉ាងដូច្នេះទៀតថា ស្នាមញញឹម និងការសប្បាយរីករាយរបស់បងប្អូនជាង ៥០ខ្នងផ្ទះ គឺជាកម្លាំងចិត្តដ៏មុតមាំសម្រាប់រដ្ឋបាលរាជធានីភ្នំពេញដើម្បីបន្តរៀបចំសណ្ឋាប់ធ្នាប់សាធារណៈ របៀបរៀបរយក្នុងទីក្រុង សម្រាប់ជាប្រយោជន៍រួមរបស់ប្រជាជនទូទៅ៕