រាជធានីភ្នំពេញ ៖ កម្លាំងអធិការនគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងគណៈបញ្ជាឯកភាពខណ្ឌបឹងកេងកង ដឹកនាំដោយឯកឧត្ដម ហួត ហៃ អភិបាលរងសាលារាជធានីភំ្នពេញ កាលពីម៉ោង០៦:៣០នាទីព្រលប់ ថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២ បានចុះធ្វើការបិទអាជីវកម្ម ហាងរង្គសាលយីហោ ”ប្រាថ្នា” ដែលមានទីតាំងផ្ទះលេខ១៩ ផ្លូវលេខ៣២២ ភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភំ្នពេញ ។
ដោយយោងតាមពាក្យបណ្តឹងរបស់បុគ្គលិកស្ថានទូតអាមេរិកដែលមានទីលំនៅសងខាង នឹងប្រជាពលរដ្ឋរស់នៅជុំវិញ ដែលហាងខាងលេីតែងតែបង្កសម្លេងរំខានដល់ការសំរាកនៅពេលរាត្រីរបស់បុគ្គលិកទូត ក៏ដូចប្រជាពលរដ្ឋជិតខាង ដោយកន្លងមកកម្លាំងចម្រុះយើងបានចុះណែនាំ និងធ្វើកិច្ចសន្យាចំនួន០៤លើក មកហើយ ក៏នៅតែបង្កការរំខានដដែល ទេីបនៅវេលាម៉ោងខាងលេី កម្លាំងចម្រុះថ្នាក់រាជធានី ចុះមកផ្អាកជាលេីកចុងក្រោយ ដោយមានការដឹកនាំដោយផ្ទាល់ពីលោកអភិបាលរងរាជធានីភ្នំពេញតែម្តង ។
សមាសភាពចូលរួម៖ ឯកឧត្ដម ហួត ហៃ អភិបាលរងសាលារាជធានីភំ្នពេញ, លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង, លោក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង, លោកស្រី ប្រាក់ មាលី ចៅសង្កាត់បឹងកេងកង១, លោក គល់ សុផាត នាយប៉ុស្ដិ៍នគរបាលបឹងកេងកង១ ។
បច្ចុប្បន្នទីតាំងអាជីវកម្មខាងលើបានសម្រេចបិទបណ្ដោះអាសន្ន និងបានបញ្ចប់នៅវេលាម៉ោង០៧:០០នាទីយប់ថ្ងៃខែឆ្នាំដដែរ ៕