ភ្នំពេញ៖លោក ស៊ឹម សុខហេង ជាមន្ត្រីនគរបាលនាយកដ្ឋានស៊ើបការណ៍ខាងក្រៅនិងបច្ចេកទេស និង បក្ខពួក៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីយកកាំភ្លើងខ្លីភ្ជង់និងវាយខ្នោះ ព្រមទាំងបានយកដុំថ្មគប់វាយកម្ទេចម៉ូតូរបស់ជនរងគ្រោះ ។
ហេតុការណ៍បទល្មើសនេះ បានកើតឡើងតាមមហាវិថីព្រះនរោត្ដម មុខក្រសួងមហាផ្ទៃ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោងជាង២រំលងអាធ្រាត្រ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ។
យោងតាមកំណត់ហេតុ Hotline ១១៧ បានឲ្យដឹងថា ជនសង្ស័យមានគ្នា៤នាក់ មានឈ្មោះ ស៊ឹម សុខហេង អាយុ២៨ឆ្នាំ ជាមន្ត្រីនគរបាលនាយកដ្ឋានស៊ើបការណ៍ខាងក្រៅនិងបច្ចេកទេស ឈ្មោះ សៅ វិចិត្រ ឈ្មោះ ឈឿង រ៉ាវីន ឈ្មោះ ប៊ុន ភក្តី និង ឈ្មោះ ឃីសុខហេង ។
ចំណែកជនរងគ្រោះមានគ្នា២នាក់ ឈ្មោះ ផៃ ផានិត និង ឈ្មោះ ឆៃ យ៉ារ័ត្ន ដែលបានធ្វើដំណើរចេញពីវត្តលង្កា ទៅផ្ទះនៅចាក់អង្រែក្រោម ។ លុះមកដល់ចំណុចកើតហេតុក៏បានជួបក្មេងស្ទាវ២ក្រុមកំពុងដេញវ៉ៃគ្នា រួចបានយកដុំថ្មគប់ទៅលើជនរងគ្រោះ ។ ពេលនោះជនរងគ្រោះ បានផ្ដួលម៉ូតូរត់ចូលក្រសួងមហាផ្ទៃ តែត្រូវបានឈ្មោះ ស៊ឹម សុខហេង ជាមន្ត្រីនគរបាល បានយកអាវុធខ្លីភ្ជង់និងវាយខ្នោះ ហើយបក្ខពួកមួយចំនួនទៀតបានយកដុំថ្មវាយកម្ទេចម៉ូតូជនរងគ្រោះ ។
នៅពេលនេះ ក្រុមជនសង្ស័យទាំង៥នាក់ កំពុងឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕