បន្ទាយមានជ័យ ៖ ទីបំផុតក្មេងស្រីសិស្សសាលាវ័យ៧ឆ្នាំ ដែលបាត់ខ្លួន បង្កការភ្ញាក់ផ្អើល នៅក្រុងប៉ោយប៉ែត នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ នៅក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ត្រូវបានរកឃើញហើយ តែនាងបានស្លាប់ ដោយគេយកសាកសពក្មេងរងគ្រោះទៅប្លុងចោល នៅម្តុំទីតាំងរកឃើញកាបូបរបស់នាង ។
រូបភាពបង្ហាញថាក្មេងរងគ្រោះ ស្លាប់ទាំងអាក្រាតកាយ ត្រូវគេកប់ផ្កាប់មុខ ឃើញខ្នង និងគូថ ដែលទំនងទើប ត្រូវឃាតកយកទៅប្លុងចោលនាវេលាព្រលប់នេះតែម្តង។
ទោះជាយ៉ាងណា គេមិនទាន់ដឹងច្បាស់ពីដើមចមនៃរឿងរ៉ាវខាងលើ ថាតើជនរងគ្រោះស្លា.ប់ដោយសារមូលហេតុអ្វី ពិតប្រាកដនៅឡើយទេ តែប្រភពពីសមត្ថភាព បានបង្ហើបប្រាប់ថា អាចជាករណីរំលោភសម្លាប់។ សមត្ថកិច្ចជំនាញពាក់ព័ន្ធបាននិងកំពុងទៅកន្លែងកើតហេតុ ដើម្បីបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ។
សូមរម្លឹកថា ក្មេងស្រីរងគ្រោះ ឈ្មោះ លួត លីហ្សា ហៅ កន្ទ្រីត អាយុ ៨ឆ្នាំ រៀនថ្នាក់ទី២ នៅសាលាបឋមសិក្សាទំនប់ក៥។ នាងបានចេញពីផ្ទះ នៅមុនម៉ោង ៧ព្រឹក នាថ្ងៃទី៩ ខែមីនានេះ ទៅសាលារៀន ដូចសព្វដង។ តែម៉ោងជាង ១១ព្រឹក មិនឃើញនាងត្រឡប់មកផ្ទះវិញ ឪពុកម្តាយក្មេងស្រីរងគ្រោះ បានតាមរកដល់ថ្នាក់រៀន ហើយសួរគ្រូ តែគ្រូថា មិនឃើញនាងទេ ក៏ប្តឹងសមត្ថកិច្ចចម្រុះ អាវុធហត្ថ នគរបាលរដ្ឋបាល កងកម្លាំងព្រំដែន យោធា និងអ្នកស្រុក តាមរុករក។ តែរកមិនឃើញ។
ឪពុកក្មេងស្រីរងគ្រោះ ឈ្មោះ សំ សាន្ត អាយុ ៣១ឆ្នាំ និងម្តាយឈ្មោះ យាន ខេមរា អាយុ ៣២ឆ្នាំ។ គ្រួសានេះ មានកូនស្រី ២នាក់ ហើយក្មេងស្រីដែលបាត់ខ្លួន និងស្លាប់នេះ ជាកូនច្បង។
ម្តាយឪពុកក្មេងស្រីរងគ្រោះ បាននាំគ្នារកកូន ដោយឲ្យគេចុះរាវក្នុងប្រឡាយទឹក ជាប់ផ្លូវអតីតទំនប់ក៥ ដែលជាផ្លូវទៅសាលា តែមិនឃើញ។ ករណីតាមរកក្មេងស្រីរងគ្រោះ ផ្អើលភូមិនេះ គឺភ្លាមៗ រកឃើញតែកាបូបសៀវភៅ ដែលគេបោះចូល ក្នុងព្រៃកន្ទ្រាំងខែត ដោយគេសង្ស័យថា អាចជាស្នាដៃរបស់ជនសង្ស័យ ព្រោះក្នុងកាបូបនោះ មានទាំងស្បែកជើងក្មេងស្រី ឯសៀវភៅក៏ឃើញកាត់ដាច់ជា២។ ឯដបទឹក និងសៀវភៅ មានជាប់ស្មៅផងដែរ៕