ភ្នំពេញ៖ ករណីបង្ក្រាបផលិតផលក្លែងក្លាយ និងគ្មានច្បាប់របស់ក្រុមហ៊ុន D.W និង YMW មានចំនួនជាង ១០០តោន កាលពីពាក់កណ្ដាលខែមករា ២០២២ កន្លងទៅថ្មីៗ រហូតដល់ពេលនេះដូចជារក្សាភាពស្ងៀមស្ងាត់ នេះជាហេតុធ្វើឲ្យមហាជនមានការងឿងឆ្ងល់ខ្លាំងមែនទែន។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា៖ ការបង្ក្រាបករណីផលិតផលក្លែងក្លាយនេះមិនមែនជាករណីទី១នោះទេ ព្រោះសមត្ថកិច្ចបានយកចិត្តទុកដាក់លើសុខភាពប្រជាពលរដ្ឋ ហើយមិនអនុញ្ញាតឲ្យអ្នកលក់អនឡាញណាម្នាក់យកផលិតផលក្លែងមកលក់ ដោយចង់បានតែប្រាក់ពីប្រជាពលរដ្ឋនោះទេ។
ប៉ុន្តែអ្វីដែរគួរឱ្យចំឡែកគឺ ការបង្ក្រាបផលិតផលក្លែងក្លាយ និងគ្មានច្បាប់ របស់ក្រុមហ៊ុន D.W និង YMW ខាងលើនេះដូចជាមានការលាក់បាំងខ្លាំងមែនទែន បន្ទាប់ពីការបង្ក្រាបរួចមក «ពោលគឺ៖ គ្មានការផ្សព្វផ្សាយជាសាធារណៈ»។ ចំណែកឯផលិតផលទាំងនោះបែរជានៅតែបន្តចែកចាយដដែល។
ដោយសារតែភាពស្ងាត់ជ្រងំ ទើបមហាជនជាច្រើនបានដាក់ការសង្ស័យថា «នេះប្រហែលជាមានការត្រូវរ៉ូវគ្នាអ្វីមួយជាមួយនិងអាជ្ញាធរពាក់ព័ន្ធហើយមើលទៅទើបបានជាស្ងៀមស្ងាត់ដូចចោរលួចសេះ»។
ជុំវិញភាពស្ងាត់ជ្រងំខាងលើនេះអង្គភាពសារព័ត៌មានយើងមិនអាចសូមការបំភ្លឺពីសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់បាននោះទេ ព្រោះគ្មានលេខទូរស័ព្ទ។
គួរបញ្ជាក់ដែរថា៖ កាលពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចបានបង្ក្រាបផលិតផលក្លែងក្លាយនិងគ្មានច្បាប់ ចំនួន០២ទីតាំង ទីតាំងទី១- បង្ក្រាបក្រុមហ៊ុន YMW មាន០២ផ្ទះ គឺផ្ទះលេខ៣៧៨ និង៣៨០ ផ្លូវក្លាស់ស្ទ័រ សង្កាត់វាលស្បូវ ខណ្ឌច្បាអំពៅ ទីតាំងទី២- បង្ក្រាបក្រុមហ៊ុន D.W មាន០៣ផ្ទះ គឺ-ផ្ទះលេខ៥០ ផ្លូវ១០ដេ សង្កាត់វាលស្បូវ ខ័ណ្ឌច្បាអំពៅ ផ្ទះលេខ៦៥ និង៦៧ ផ្លូវ ២៤ប៉េ សង្កាត់និរោធន៍ ខ័ណ្ឌច្បាអំពៅ។
ពាក់ព័ន្ធទៅនឹងការបង្ក្រាបដ៏ក្តៅគគុករបស់កម្លាំងសមត្ថកិច្ច មហាជនជាច្រើនបានសម្តែងនូវក្តីរីករាយនឹងសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការបង្ក្រាបផលិតផលក្លែងក្លាយបានទាន់ពេលវេលា៕
អង្គភាពសារព័ត៌មានយើងរងចាំការបំភ្លឺពីអាជ្ញាធរ ពាក់ព័ន្ធនឹងម្ចាស់ក្រុមហ៊ុនរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!